ដីការបង្គាប់អោយចាប់ខ្លួនជនសង្ស័យម្នាក់សមត្ថកិច្ច រកឃើញគ្រឿងញៀនមួយចំនួនទៀត
ខេត្តព្រះវិហារ៖ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុករវៀង សហការណ៏ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញមួយចំនួនទៀត។លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបាននិយាយថា ការចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
អធិការនគរបាលស្រុករវៀង បានបន្តថា ជនត្រូវចោទឈ្មោះ ផាន សង់ ត្រូវបានចោទពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រព្រឹត្តឡើងនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
លោកបានបន្តថា នៅពេលចាប់ខ្លួនបានរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់(២កញ្ចប់ធំនិង១កញ្ចប់តូច)បន្ថែមទៀត។ជនត្រូវចោទនិងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕