រថយន្តព្រុសបើកបុកខឿនរង្វង់មូល៥៨ ធ្លាយពីម្ខាងទៅម្ខាង តែមិនឃើញម្ចាស់
បន្ទាយមានជ័យ៖ រថយន្តព្រុសបើកបុកខឿនរង្វង់មូល៥៨ ធ្លាយពីម្ខាងទៅម្ខាង ទាំងរំលងអាធាត្រលុះភ្លឺឡើងបាត់ម្ចាស់ សមត្ថកិច្ចកំពុងរក ដើម្បីដោះស្រាយយករថយន្តទៅវិញ។ ហេតុការណ៍កើតឡើងនៅយប់រំលងអាធាត្រថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា រថយន្តម៉ាកព្រុសពាក់ស្លាកលេខ ភ្នំពេញ២BA.9313 ពណ៌កណ្តុរប្រមេះ បើកបរពីកើតទៅលិចបុកចំកណ្តាលរង្វង់មូលឡើងខឿនធ្លាយទៅចុងម្ខាងទៀត ទំនងគ្រវីគ្រវាត់ ដោយរថយន្ត បែកយ៉ាន់និងកង់ទាំង៤ រួមទាំងខូចខាតកាងក្រោយ។ លោកបញ្ជាក់ថា ហេតុការណ៍នេះមិនធ្វើឲ្យអ្នកបើកបរដទៃផ្សេងរងរបួសឡើយ តែចំពោះរថយន្តបង្កក្រោយហេតុការណ៍កើតឡើងគឺមិនឃើញមានមនុស្សឡើយ។ លោកបញ្ជាក់ថា ចំពោះរថយន្តបង្ក និងស្ទូចយកទៅទុកដើម្បីរកចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
គួរបញ្ជាក់ថា រង្វង់មូល៥៨នៅក្រុងប៉ោយប៉ែត ដែលជាចំណុចប្រសព្វគ្នារវៀងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៨ ច្រើនកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ណាស់ សូម្បីតែស្លាកសញ្ញា ដែកបង្គោលភ្លើង ខឿនរង្វង់មូល ដើមឈើដាំលំអរង្វង់មូល ក៏បុកខ្ទិច ត្រូវបានធ្វើ និងដាំថ្មីជាច្រើនសារផងដែរ ជាពិសេសពេលយប់អ្នកបើកបរទាំងនោះខ្វះការប្រុងប្រយ័ត្ន។ ទោះពីជាអ្នកបើកបរខ្វះការប្រុងប្រយ័ត្នយ៉ាងណា ប្រជាពលរដ្ឋស្នើសុំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួយបន្ថែមភ្លើង ក៏ដូចជាស្លាកសញ្ញាបន្ថែមឲ្យភ្លឺច្បាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ជាដើម៕(ទឹម តុលា)