រកឃើញមូលហេតុដែលធ្វើឲ្យមនុស្សស្លាប់ក្រោយពីទទួលទានស្រាថ្នាំចិនសែ “តាំងគួយ”
បន្ទាយមានជ័យ៖ យោងតាមមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប) នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីធ្វើការពិសោធន៍បញ្ជាក់ថា ស្រាថ្នាំចិនសែ “តាំងគួយ” ដែលធ្វើឲ្យមានអ្នកទទួលទានស្លាប់និងកំពុងសង្គ្រោះនេះ បណ្តាលមកពីលើសជាតិមេតាណុល។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប) បានឲ្យដឹងថា បន្ទាប់ពីយកគំរូសំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង ០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។
លោកបញ្ជាក់ថា ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរឹបអូសបានស្រាថ្នាំចិនសែយីហោ “តាំងគួយ” បានចំនួន ១៣,៩៨៩ ដប ស្នើនឹង ៦,៩៩៤.៥០ លីត្រ។មន្ត្រីជំនាញ ក.ប.ប សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ “តាំង គួយ” នេះជាពិសេស សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕(សៅនៅ)