អាជ្ញាធរបន្ត ស្តារលូប្រលាយដើម្បីបញ្ចៀសទឹកជំនន់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចុះស្តារលូនៅតាមបណ្តោយផ្លូវបេតុង និងផ្លូវជាតិលេខ៥ខណៈ ដែលក្រុងប៉ោយប៉ែតត្រូវបានរាជរដ្ឋាភិបាលជួយលូប្រអប់ចំនួន៤ខ្សែ ដើម្បីរំដោះទឹកជំជន់ចេញពីក្រុង ដែលធ្លាប់តែភ្លៀងដក់ជន់ជនលិច ដោយការស្ទះប្រព័ន្ធលូ និងលូរំដោះទឹកមិនគ្រប់គ្រាន់នាពេលកន្លងមក។

បើតាមលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតលើកឡើងថា បញ្ហាការស្ទះលូបណ្តាលមកពីការចោល ឬទុកដាក់សំរាមមិនបានត្រឹមត្រូវ មានភ្លៀងហូរសំរាមចូលលូ ក្នុងនោះក៏មានអាជីវកម្មលាងម៉ូតូ រថយន្តមួយចំនួន ក៏បាញ់ដីហូរចូលក្នុងលូបង្កការកកស្ទះ។

លោកបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅខែវស្សាក្រុងប៉ោយប៉ែត ជាពិសេសសង្កាត់ប៉ោយប៉ែតមានប្រជាពលរដ្ឋរស់នៅច្រើន បញ្ហាស្ទះប្រព័ន្ធ ភ្លៀងមួយមេ ដក់ទឹកលិចពី៥ថ្ងៃទៅ៧ថ្ងៃ ដោយឡែកឆ្នាំ២០២០នេះ ក្រោយពីរាជរដ្ឋាភិបាលជួយប្រព័ន្ធលូ៤ប្រអប់ធំៗដើម្បីរំដោះទឹក រួមទាំងក្រុមការងារសង្កាត់ចុះស្តារលូរយះពេល២ខែកន្លងមកនេះ មានភាពល្អប្រសើរឡើង ដោយភ្លៀងធំយ៉ាងណាក៏ដោយ ត្រឹមតែ២ទៅ៣ម៉ោងគឺហូរអស់ មិនដក់ទឹកលិចដូចឆ្នាំមុនៗទៀតឡើយ។

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សុំណូមពរដល់ពលរដ្ឋ ដើម្បីកុំឲ្យស្ទះប្រព័ន្ធលូនៅតាមមុខផ្ទះ សូមមេត្តាទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងបញ្ឈប់ការចោលសំរាមដាក់ក្នុងលូ រួមទាំងអាជីវកម្មលាងសំអាតម៉ូតូ រថយន្តត្រូវគ្រប់គ្រងអាចម៍ដីឲ្យបានត្រឹមត្រូវចៀសវាងបង្ហូរចូលលូដែលនាំឲ្យមានការស្ទះជន់លិច ដែលធ្វើឲ្យមានការលំបាកក្នុងរស់នៅ៕

Related Articles

Close