លក់សាំងមិនគ្រប់លីត្រ ម្ចាស់ការ៉ាស់03នាក់ត្រូវចាប់ខ្លួន
ខេត្តកណ្តាល៖ ថៅកែការ៉ាស់សាំង03នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយ ថែមទាំងជាប់ចោទ បំផ្លិតបំផ្លាញ គៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី13 ខែតុលា ឆ្នាំ2021 ដើម្បីចាត់ការតាមនិតីវិធី។
ជនសង្ស័យទី1.ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ40ឆ្នាំ, 2.ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ46ឆ្នាំ និង ទី3.ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ38ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី12 ខែតុលា ឆ្នាំ2021 បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ប្រភពដដែលបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី រកឃើញថាក្នុងចំណុះ100លីត្រ ប្រេងសាំងធម្មតាខ្វះ07លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ8.8លីត្រ និងប្រេងម៉ាស៊ូត ខ្វះ5.05លីត្រ។ ចំពោះ ដេប៉ូ ចាន់ ធឿន រកឃើញថាក្នុងចំណុះ100លីត្រ ប្រេងសាំងធម្មតា ខ្វះ5.3លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ5,8លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ6.15លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទ សៀល ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង2នេះ។
ករណីចុះបិទការ៉ាស់សាំងរបស់សមត្ថកិច្ចចម្រុះខាងលើនេះ ត្រូវឈ្មោះ ហ៊ុង សុខហ៊ាង ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន យកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើកលក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឈ្មោះ ថូ សុផាត ក៏បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និង នាំខ្លួនជនទាំង03នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់៕