ពិធីប្រកាសទទួលស្គាល់សាខាសមាគមនារីខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាពអភិវឌ្ឍ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានលើកឡើងបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ គឺមានរយៈកាល៤៣ឆ្នាំមកហើយដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាពេលនោះសមាគមមានឈ្មោះថា សមាគមនារីសង្គ្រោះជាតិ ក្រោយមកបានប្ដូរឈ្មោះជាបន្តបន្ទាប់ និងកែសម្រួលរចនាសម្ព័ន្ធឲ្យមកជាតិ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចាប់តាំងពីថ្ងៃបង្កើតសមាគមនារីរហូតមកដល់បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោដែលតែងតែ ទទួលស្គាល់និងចាត់ទុកថាស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។

លោកស្រី រស់ សុផានី ប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យប្តេជ្ញាចិត្តថា ស្ត្រីមានតួនាទីបំផុសចលនា នារីកម្ពុជាឲ្យទៅជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ជំរុញនាវាកម្ពុជាឆ្ពោះទៅរកនិរន្តរភាពនិងវឌ្ឍនភាព សេដ្ឋកិច្ច និងសង្គមកិច្ច។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារៈកិច្ចការងារចលនាស្ត្រី ក្នុងរយៈពេលកន្លងមករបស់លោកជំទាវលោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្រុង/ស្រុកទូទាំងខេត្តទទួលបានភាពជោគជ័យ ដើម្បីបន្តចូលរួមចំណែកពង្រឹងការងារ និងអនុវត្តទិសដៅរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ខេត្តឲ្យទទួលបានភាពជោគជ័យ ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់គណៈកម្មការសាខា ត្រង់ចំណុចសំខាន់ៗរួមមានសាមគ្គីភាពផ្ទៃក្នុងពង្រឹងរបៀបរបបធ្វើការងារបែងចែកភារៈកិច្ច និងមានការទទួលខុសត្រូវជាពិសេសទៀតនោះពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាពឯកភាពអំពីទស្សនៈគោលជំហរនយោបាយសតិអារម្មណ៍ចាប់ឲ្យបាន ឲ្យកាន់តែរឹងមាំ៕(ដោយ៖ អ៊ុង ស៊ីម៉ាណាត)

Tags

Related Articles

Close