កម្លាំងអាវុធហត្ថឃាត់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃម្នាក់ជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា ជនជាតិថៃដែលឃាត់ខ្លួន ឈ្មោះ ភី រ៉ារ៉ូត ភេទប្រុស អាយុ ២១ឆ្នាំ។​បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចុះចំណុចកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើនៅម្តុំកាស៊ីណូនាគទិព្វ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីយប់ម៉ោង២៣.៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ និងដកហូតបានវត្ថុតាងរួមមាន៖ម៉្សៅម៉ត់ពណ៌សចំនួន០៨កូនថង់ ស្មើនឹងទម្ងន់៧.១១ក្រាម និងសម្ភារ:មួយចំនួនទៀត។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ពេលសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញទុកជក់ខ្លួនឯងផង និងលក់ឲ្យគេផងដែរ។ ក្រោយពីសួរនាំរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរូបចំបញ្ជូនជនសង្ស័យទៅកាន់ជំនាញខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ( វីណា)

 

 

Related Articles

Close