ស្រស់ស្អាតខ្លាំងណាស់! រង្វង់មូលក្រុងប៉ោយប៉ែតថ្មី នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ស្រស់ស្អាតខ្លាំងណាស់ រង្វង់មូលក្រុងប៉ោយប៉ែតថ្មី ដែលធ្វើឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ ដែលបានដាក់រូបសំណាក់ព្រះវិស្ណុដៃ៨ ជំនួសរូបសំណាក់ព្រះនរាយណ៍ ឬព្រះវិស្ណុដៃ៤ ដែលបែរព្រះភក្តិ ទៅទិសខាងលិច ឬបែរព្រះភក្តិទៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

បើតាមការបញ្ជាក់ ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា រង្វង់មូលប៉ោយប៉ែតថ្មី ដែលមានទីតាំងនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ត្រូវបានកសាងឡើងដោយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលចំណាយថវិកា១៩៥,០០០ដុល្លារអាមេរិច។ ជាការសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែត បានស្ថាបនារង្វង់មូលនេះជាថ្មី ដោយយក រូបសំណាក់ព្រះវិស្ណុដៃ៨ ជំនួសរូបសំណាក់ព្រះនរាយណ៍ ឬព្រះវិស្ណុដៃ៤ ដែលបែរព្រះភក្តិ ទៅទិសខាងលិច មានកំពស់៨ម៉ែត្រ ដែលប្រជាពលរដ្ឋតែងតែមានជំនឿគោរពបូជា និងមានជំនឿថា ព្រះអង្គតែងតែថែរក្សាកូនចៅ និងផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត។

លោក អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់បន្ថែមថា ការស្ថាបនារង្វង់មូលប៉ោយប៉ែតថ្មីនេះ ត្រូវបានស្ថាបនាទើបតែរួចរាល់នេះ មានសួនច្បារដាំផ្កា ស្មៅ និងកូនឈើ ដើមត្នោត រៀបចំកន្លែងគោរពបូជា និងរៀបចំភ្លើងលំអរ ឲ្យភាពស្រស់ស្អាត ដើម្បីទុកឲ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អង្គុយលេងពេលល្ងាចនិងយប់ និងអុចធូប បន់ស្រន់ គោរពបូជា សុំសេចក្តីសុខ សេចក្តីចម្រើន និងដើម្បីមុខមាត់ក្រុងប៉ោយប៉ែតយើងផងដែរ។

លោក គាត ហ៊ុល បានអំពាវនាវ ដល់ប្រជាពលរដ្ឋបន្ទាប់ពីទទួលបានរង្វង់មូលប៉ោយប៉ែតថ្មី និងធ្វើការសំអាតអនាម័យបរិស្ថានរួចហើយ សូមបងប្អូនអាជីវករ អ្នករត់កង់បី ម៉ូតូឌុប រថយន្តតាក់ស៊ី មេត្តាមានការយោគយល់សុំចតទៅម្ខាងផ្លូវ ចតឲ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អ ដើម្បីឲ្យភ្ញៀវទេសចរណ៍មើលទៅមានសោភ័ណ្ឌភាពស្រស់បំព្រងជាទីក្រុងស្អាត បរិស្ថានស្អាត អនាម័យស្អាត ខ្យល់បរិសុទ្ធល្អ។ សង្ឃឹមថាការស្នើសុំនេះ មានការយោគយល់ពីសំណាក់បងប្អូន ដើម្បីទីក្រុងយើងមានភាពស្រស់ស្អាតទាំងអស់គ្នា៕ អូន ប៊ុន​លី

Related Articles

Close