កម្មករសំណង់មួយក្រុមធ្វើការនៅក្នុង ក្រុមហ៊ុនដាយមិនស្តារ៍ក្រុងប៉ោយប៉ែត រយៈពេលជិត២ខែ មេការមិនបើកលុយ
បន្ទាយមានជ័យ៖ កម្មករសំណង់មួយក្រុមធ្វើការនៅក្នុង ក្រុមហ៊ុនដាយមិនស្តារជាង១០នាក់ រយៈពេលជិត២ខែ មេការមិនបើកលុយឲ្យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បាននាំគ្នាឈរនៅមុខអគារក្រុមហ៊ុន ស្ថិតនៅចំណុចមុខវត្តពុទ្ធភូមិជាយដែន(ហៅវត្តព្រៃព្រិច)ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដើម្បីសុំបើកលុយគ្រាន់បានទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរ។
ក្រុមជាង និងកម្មករសំណង់ទាំងនោះបានរៀបរាប់ថា៖ ពួកគេធ្វើនៅតាមអគារនៅក្នុងក្រុមហ៊ុន ដាយមិនស្តារជិត២ខែមកហើយ អ្នកខ្លះធ្វើជាងការ៉ូ ខ្លះជាងថ្នាំ និងកម្មករសរុប១៤នាក់ ត្រូវបានមេការឈ្មោះឌី ណា អ្នកមើលការត្រួតពិនិត្យ និងធ្វើរបាយការណ៍ការងារបញ្ជូនទៅកាន់មេកាឈ្មោះរ៉ុងជាអ្នកបើកលុយ តែអ្នកទាំងពីរបានឆ្លើយដាក់គ្នា មិនទទួលខុសត្រូវ មិនព្រមបើកលុយ។
ពួកគាត់បានរៀបរាប់បន្ថែមថា៖ នៅពេលខលទៅកាន់ឈ្មោះ មេការឌីណា បានឆ្លើយថា ខ្លួនបានធ្វើការរបាយការណ៍ជូនមេការឈ្មោះ រ៉ុងរួចហើយ រឿងបើកលុយគឺមេរ៉ុង។ ចំណែកលោកមេការឈ្មោះ រ៉ុង វិញឆ្លើយថា មកពីមិនទាន់បានត្រួតពិនិត្យការងារ ព្រោះលោក មេការឌីណា មិនទាន់ធ្វើរបាយការណ៍ឡើង។
ក្រុមកម្មករសំណង់បានរៀបរាប់បន្តថា៖ ពួកគាត់មានគ្នា១៤នាក់ បើគិតជាសាច់ការធ្វើដែលបានការ គឺតិចបំផុតទទួលបាន៦០០ដុល្លារ និងច្រើនទទួលបាន១៣០០ដុល្លារ តែអ្នកខ្លះមិនទាន់បើកលុយផងក៏ទៅផ្ទះសិនទាំងគ្មានលុយមួយរៀល។ កាលពីដើមខែមេសា ២០២៣ពួកគាត់បានស្នើសុំមេការទាំងពីរខាងលើសូមឲ្យត្រួតពិនិត្យការងារ ធ្វើការយ៉ាងណាសុំបើក៥០ទៅ៧០ភាគរយឲ្យបានមុនចូលឆ្នាំប្រពៃណីយ៍ខ្មែរគ្រាន់បានទៅលេងស្រុកកំណើត ធ្វើបុណ្យជួបជុំម៉ែឪបងប្អូនតែ បែរជាមេការទាំងពីរមិនព្រមបើកលុយឲ្យ ហើយឆ្លើយរុញដាក់គ្នាឲ្យរួចតែពីមាត់។
ដោយឡែកប្រភពពីរដ្ឋបាលក្រុមហ៊ុន បានឲ្យដឹងថា មិនពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ គឺរឿងមេការនិងក្រុមជាងកម្មករតែប៉ុណ្ណោះ។ ដោយឡែកមេការឈ្មោះឌីណា និងលោកមេការឈ្មោះរ៉ុង មិនអាចសុំការបំភ្លឺបានទេ ដោយខលចូលមិនលើកទូរសព្ទ៕