លូប្រអប់៤ខ្សែ កំពុងសាងសង់ត្រៀមបញ្ចៀសទឹកលិចក្រុងប៉ោយប៉ែតនារដូវវស្សាឆ្នាំ២០២០

ខេត្តបន្ទាយមានជ័យ៖ ប្រព័ន្ធលូប្រអប់ចំនួន៤ខ្សែកំពុងសាងសង់ ត្រៀមបញ្ចៀសទឹកលិចក្រុងប៉ោយប៉ែតនារដូវវស្សាឆ្នាំ២០២០នាពេលខាងមុខនេះ។ ដែលបញ្ហាជន់លិចដោយទឹកភ្លៀង លូហូរមិនទាន់ បង្កការលំបាកដល់ពលរដ្ឋរាប់ឆ្នាំមកហើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករានេះថា លូប្រអប់៤ខ្សែមានមុខកាត់ ៣ម៉ែត្រគុណ២.៥ម៉ែត្រ ដែលមាន៤ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅខាងត្បូងរហូតដល់អូរព្រំដែនកម្ពុជា.ថៃ។ ចំណុចទី១.នៅមុខភោជនីយ៍ដ្ឋានអង្គរជាយដែន ទី២.នៅមុខផ្លូវចូលអគារថ្មី ទី៣.នៅមុខហាងលក់ទូរសព្ទដៃវុយសេង និងទី៤.នៅក្បែរស្ថានីយរថភ្លើង។ ដែលកន្លែងខ្លះបានធ្វើបាន៨០ភាគរយ និងកន្លែងខ្លះទៀត ធ្វើបាន៧០ភាគរយ ហើយប្រព័ន្ធលូប្រអប់ទាំងនេះ និងធ្វើហើយរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។

លោក គាត ហ៊ុល បញ្ជាក់ថា ការរៀបចំប្រព័ន្ធលូប្រអប់ទាំង៤ខ្សែ និងការដោះស្រាយផលប៉ះពាល់សំរាប់រៀបចំផ្លូវទឹកដើម្បីបញ្ចៀសការលិចលង់ទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងប៉ោយប៉ែតនេះ ជាការចំណាយនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលលោកថា ការចំណាយសរុបមិនទាន់ដឹងនៅឡើយទេ ដោយថាកំពុងដំណើរការសាងសង់ផងដែរ៕ (តុង)

Related Articles

Close