ចុះពីលើម៉ូតូភ្លេចដកសោរ សំណាងម៉ូតូអស់សាំងចោរប្លុងចោល រកឃើញវិញ


បន្ទាយមានជ័យ៖ បុរសម្នាក់ចុះពីលើម៉ូតូភ្លេចដកសោរ រវល់តែនិយាយជាមួយមិត្តភក្តិ ចោរលួចជិៈ អស់សាំងតាមផ្លូវ ផ្លុងចោលក្នុងដុប ត្រូវបានប្រជាពលរដ្ឋឃើញប្រទះឃើញ បង្ហោះតាមហ្វេកប៊ុក និងប្តឹងសមត្ថកិច្ច ម្ចាស់ឃើញក៏ទៅយកម៉ូតូវិញ។ហេតុការណ៍នេះ ត្រូវបានពលរដ្ឋប្រទះឃើញម៉ូតូប្លុងចោល នៅម៉ោង៩ និង០០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអាងអម្រិតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


ម្ចាស់ម៉ូតូ ឈ្មោះ ទៀង រឹម អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ម្ចាស់ម៉ូតូប្រាប់ថា មុនរកឃើញម៉ូតូប្រហែល៣ម៉ោង ខ្លួនបានចុះពីលើម៉ូតូភ្លេចដកសោរម៉ូតូ ហើយក៏ទៅនិយាយជាមួយមិត្តភក្តិនៅក្នុងភូមិ មួយសន្ទុះក្រោយមកស្រាប់តែបាត់ ទើបផ្អើលឆោឡោប្តឹងសមត្ថកិច្ច និងប្រជាការពារភូមិឲ្យជួយរក។ ក្រោយមកក៏ឃើញមានគេបង្ហោះហ្វេសប៊ុក ទើបមកយកម៉ូតូវិញ ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ប.មានជ័យ.1F-7421។


សមត្ថកិច្ចសូមអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យបានល្អ កុំឲ្យមានការធ្វេសប្រហែស ដែលធ្វើឲ្យមានការបាត់បង់។ ហើយនេះសំណាងហើយដែលម៉ូតូអស់សាំង ចោរមិនអាចជិៈទៅណាឆ្ងាយបាន ទើបយកមកប្លុងចោល៕(សន សុង)

Related Articles

Close