ចាក់ប្លន់យកទ្រព្យសម្បត្តិ រត់រួចជិត៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តនិងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលចាក់ប្លន់យកទ្រព្យសម្បត្តិ ដែលឃាត់ខ្លួននៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំងពីរនាក់ ១. ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ ១៨ ឆ្នាំ (ជនដៃដល់) មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២. ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ ២២ ឆ្នាំ (បក្ខពួក) មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១:០០ នាទី រំលងអាធ្រាតជនសង្ស័យបានដើរតាមសួនច្បារ សម្ដេច ក្រឡាហោម ស ខេង ក៏បានជួបនឹងជនរងគ្រោះដែលកំពុងអង្គុយលេងនៅសួនច្បារនោះ ហើយក៏បានបបួលគ្នា ទៅបន្ទប់ជួលរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពេលជនសង្ស័យទៅដល់បន្ទប់ជនរងគ្រោះ ធ្វើសកម្មភាពចាក់ប្លន់យកទ្រព្យសម្បត្តិបណ្ដាលឱ្យមុត ធ្លុះ ពោះ និង ស្មាជាច្រើនកាំបិត រងរបួសធ្ងន់ ត្រូវដឹកទៅសង្គ្រោះព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ នឿន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

Related Articles

Close