សមត្ថកិច្ចចម្រុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីប៉ោយប៉ែត តែថាពេលសមត្ថកិច្ចដកកម្លាំង ភាពរញ៉េរញ៉ៃបានកើតឡើងវិញ
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីប៉ោយប៉ែត ដែលអាជីវករដាក់លក់លីផ្លូវបាត់បង់សណ្តាបធ្នាប់សាធារណៈ ធ្វើឡើងរយៈពេល២ថ្ងៃមកហើយ មកទល់នឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ នៅបរិវេណផ្សារត្រីប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ភាពរញ៉េរញ៉ៃនៅក្នុងផ្សារត្រីប៉ោយប៉ែត ដែលបង្កឡើងដោយអាជីវករយកដីផ្លូវធ្វើជាកន្លែងលក់ដូរ ធ្វើឲ្យអាជ្ញាធរ រងនូវការរិៈគន់ យ៉ាងខ្លាំង ពីសំណាក់អ្នកធ្វើដំណើរ ឃើញថា សមត្ថកិច្ចបានធ្វើជាច្រើនលើក ច្រើនសារមកហើយ តែអសមត្ថភាពធ្វើឲ្យមានភាពអនាធិបតេយ្យនៅតែបង្កឡើងដដែលៗ ក្រោយពីកម្លាំងសមត្ថកិច្ចដកកម្លាំងចេញ។ ភាពអនាធិបតេយ្យដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់លើផ្លូវសាធារណៈនេះបង្កឡើង ពីអាជីវករលក់ បន្លែ ត្រី សាច់ ក្រណាត់ សំលៀកបំពាក់ និងសម្ភារមួយចំនួន ដែលម្ចាស់ផ្ទះអនុញ្ាតិឲ្យលក់នៅមុខផ្ទះ ចំហៀងផ្ទះជាថ្នូរនៃការហូតយកកំរ៉ៃប្រចាំថ្ងៃ ឬប្រចាំខែ រួមផ្សំនឹងការចតម៉ូតូ ម៉ូតូកង់បី គ្មានសណ្តាប់ខូច បរិស្ថាន បាត់បង់សោភ័ណ្ឌភាពផងដែរ។ ជាមួយគ្នានេះដែរ សូម្បីតែម្ចាស់ផ្ទះ និងម្ចាស់តូបមួយចំនួន ក៏ដាក់តាំងលក់អីវ៉ាន់របស់ខ្លួនដោយបំពានលើដីផ្លូវ។

ក្រុមអាជីវករទាំងនោះបានឲ្យដឹងថា មូលហេតុដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ និងលើផ្លូវនោះ ដោយសារតែគ្មានលុយជួលតូប ហើយអាជីវករខ្លះវិញ លក់ដូរជាលក្ខណៈបន្ថែរួមផ្សំដែលប្រមូលបេះបានបន្តិចបន្តួចពីផ្ទះប៉ុណ្ណោះ។

លោក គី សារុន មេភូមិបាលិលេយ្យ១ បានឲ្យដឹងថា ដោយយោងតាមការណែនាំរបស់ចៅសង្កាត់ប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ការរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារត្រីប៉ោយប៉ែត ត្រូវធ្វើជាប្រចាំជានិច្ច ដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយឡើងវិញ នឹងមិនអនុញ្ញាតិមានអាជីវករលក់ដូរណាមួយ មកដាក់អីវ៉ាន់លក់ដូរ នៅលើផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប បានទៀតឡើយ។

ទោះបីជាយ៉ាងណា ភាពរញ៉េរញ៉ៃ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឡើងដោយអាជីវករលក់ដូរនៅមិនទាន់បានល្អប្រសើរនៅឡើយទេ។ គេសង្កេត ឃើញថាការរៀបចំនេះ មានតាំងពីជំនាន់អភិបាលក្រុងមុនៗ ហើយជំនាន់លោកអភិបាលក្រុងសាន ស៊ានហូ ដែលរៀបចំ រហូតអាជីវករខ្លះត្រូវបានធ្វើកិច្ចសន្យា ហើយនៅអាណត្តិលោក លោកគាត ហ៊ុល អភិបាលក្រុងថ្មីឡើងជិត១ឆ្នាំមកនេះ ក៏នៅមិនទាន់អាចរៀបចំសណ្តាប់ធ្នាប់នៅចំនុចនេះ បានល្អនោះទេ។ ទោះបីជាយ៉ាងណា គេនឹងរងចាំមើលថា តើអភិបាលក្រុងរូបណាដែលមានស្នាដៃអាចទទួលបានផ្ការំដួល៣ទងសំរាប់ក្រុងរបស់ខ្លួន ព្រោះថា អភិបាលក្រុងបច្ចុប្បន្ន និងអភិបាលក្រុងអាណត្តិមុនៗ សុទ្ធតែបានប្តេជ្ញាថា និងខំប្រឹងប្រែងបង្កើនស្នាដៃឲ្យទទួលបានរំដួល៣ទងសំរាប់ទីក្រុងស្អាត៕(តុង)




