សមត្ថកិច្ចឆ្មក់ចាប់រថយន្ដក្រុងរបស់ក្រុមហ៊ុន សុធា SR អង្គរ ដឹកឈើប្រណិត
ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បាន ឃាត់រថយន្តក្រុងមួយគ្រឿងនិងធ្វើការឆែកឆេរ រកឃើញឈើល្មើសច្បាប់ជាច្រើនកំណាត់ប្រភេទធ្នង់ នៅក្នុងរថយន្ដកាលព្រឹកថ្ងៃទី 18 ខែមករាឆ្នាំ 2020 ។
លោក សាន និម៉ុល ស្នងការងនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា រថយន្តក្រុងដែលសមត្ថកិច្ចចាប់នេះ ជាប្រភេទរថយន្ត ទេសចរណ៍ របស់ក្រុមហ៊ុន សុធា SR អង្គរ ពាក់ស្លាកលេខ ភ្នំពេញ 3.C -8871 ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ លុះដល់កំណាត់ផ្លូវជាតិលេខ 78 A ក្នុងចំណុច គោលដៅ ត្រួតពិនិត្យចរាចរណ៍ ក្បែរផ្លូវចូលវ៉ារីអគ្គិសនី សេសានក្រោម 2 ស្ថិត ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឆែកឆេរនិងត្រួតពិនិត្យរកឃើញឈើប្រណិត ជាច្រើនកំណាត់នៅក្នុងរថយន្តតែម្ដង។ លោក បានបន្ថែមថា បន្ទាប់ពីឃាត់រថយន្ដខាងលើរួចមក កម្លាំងបានអូសយកមកស្នងការនគរបាលខេត្តដើម្បីធ្វើកំណត់ហេតុ ហើយប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។
លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា ករណីរថយន្ដ ប្រភេទទេសចរណ៍ លួចលាក់ដឹកឈើប្រណិតប្រភេទឈើធ្នុង ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន មានការឃាត់ខ្លួនតៃកុងរថយន្តម្នាក់ជាជនជាតិវៀតណាម ឈ្មោះ ហូ វ៉ាន់ ធាង ភេទប្រុស អាយុ 28ឆ្នាំ រស់នៅប្រទេសវៀតណាមនិង ឆែកឆេររកឃើញឈើធ្នង់ ចំនួន0.553ម៉ែត្រគូប និងផ្លែគ្រាប់ស្លែង ចំនួន ១៥បេ ទំងន់៧៥០គីឡូក្រាម។
វត្ថុតាង មានឈើប្រណិត (ធ្នង់)និងផ្លែគ្រាប់ស្លែងរួមទាំងអ្នកបើកបររថយន្ដម្នាក់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តចំណាត់ការបន្ត៕




