ពលរដ្ឋរិៈគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមស្ទឹងកំបុតថា ឲ្យតែបក្ខពួកខ្លួនកាយដីបាតបឹងទុកទឹកធ្វើស្រែ តែពលរដ្ឋផ្សេងកាយមិនបាន


បន្ទាយមានជ័យ៖ ពលរដ្ឋរិៈគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមការពារបឹងធម្មជាតិថា អ្នកដែលអាចកាយដីបាតបឹងទុកទឹកធ្វើស្រែបានមានតែលោកមេភូមិ និងបក្សពួកប្រធានសហគមប៉ុណ្ណោះ តែពលរដ្ឋផ្សេងកាយមិនបាន ដែលពលរដ្ឋរិៈគន់ នេះស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


លោក ជាតិ ធាត់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ បានលើកឡើងថា អ្នកដែលអាចកាយដីស្តារបឹងបាន មានតែបក្ខពួក និងលោកមេភូមិស្ទឹងកំបុតប៉ុណ្ណោះ ឃើញថា ក្នុងភូមិមានបឹង៥ទៅ៦កន្លែងត្រូវបានបក្ខពួក និងមេភូមិកាយបឹងយកទុកធ្វើស្រែ របស់ខ្លួន ចំណែកប្រជាពលរដ្ឋមិនអាចធ្វើបាន។ ជាក់ស្តែងដូចរូបលោកគ្រាន់តែកាយដីបាតបឹងយកអាចម៍ដីមកដាក់តាមមាត់បឹងដើម្បីទុកទឹកធ្វើស្រែ ត្រូវបានប្រធានសហគមការពារបឹងធម្មជាតិ និងលោកមេភូមិហាមឃាត់។


លោកបន្តថា វាពិតជាអយុត្តិធម៍ខ្លាំងណាស់សំរាប់ពួកគាត់ បើមេភូមិ និងបក្ខពួក កាយដីស្តារបាតបឹងបានជាបន្តបន្ទាប់ ចំណែករូបលោកវិញ បែរជាហាមឃាត់ទៅវិញ ហើយចោទថា ជាបឹងអភិរក្សសំរាប់ប្រជាពលរដ្ឋទូទៅមិនអនុញ្ញាតឲ្យធ្វើឡើយ តែបឹងជាច្រើនកន្លែងត្រូវបានមេភូមិនិងបក្ខពួកកាយ តែនាយរដ្ឋបាលជល់ផលស្រុកព្រះនេត្រព្រះ និងប្រធានសហគមន៍ការពារបឹងធម្មជាតិមិនមានការហាមឃាត់នោះឡើយ។


លោក ទឺ ថាន ប្រធានសហគមន៍ស្ទឹងកំបុតបានរៀបរាប់ដូចប្រជាពលរដ្ឋបានរៀបរាប់មែនគឺបឹងសំរាប់ប្រើប្រាស់រួម មិនអនុញ្ញាតឲ្យលោកជាតិ ធាត់ កាយបានទេ ព្រោះខ្លាចកាយហើយមិនឲ្យពលរដ្ឋដ៏ទៃប្រើប្រាស់។ ហើយលោកបញ្ជាក់ថា មេរបស់លោក ឈ្មោះ សុខ ស្រីម៉ៅ ក៏លោកមិនអនុញ្ញាតឲ្យកាយដែរ។ តែរឿងមេភូមិស្ទឹងកំបុត និងបក្ខពួកផ្សេងទៀតកាយដីបឹងនោះ អ្នកសារព័ត៌មានសុំការបកស្រាយ តែលោកមិនតបឡើយ ហើយឲ្យទៅ សួរមេរបស់លោកឈ្មោះសុខ ស្រីម៉ៅទៅទើបច្បាស់។


ចំណែកលោក សុខ ស្រីម៉ៅ នាយសង្កាត់រដ្ឋបាលជល់ផលស្រុកព្រះនេត្រព្រះ លោកតបថា ចំពោះរឿងកាយដីបឹងលោកមិនបកស្រាយតាមទូរសព្ទនោះឡើយ បើចង់ដឹងសូមជួបផ្ទាល់ ចំណែកលោកមេភូមិស្ទឹងកំបុតឈ្មោះ ណាប់ ជៀប មិនអាចសុំការបំភ្លឺបានទេព្រោះមិននៅផ្ទះឬស្នាក់ការភូមិនោះទេ៕(សៅនៅ)

 

Related Articles

Close