អតីតមន្ត្រីនគរបាលម្នាក់រស់នៅដេកសំយាបផ្ទះអ្នកស្រុកធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតជួយឧបត្ថម្ភនិងព្យាបាល


ខេត្តបន្ទាយមានជ័យ៖ បុរសអាយុ៥៧ឆ្នាំ ម្នាក់ត្រូវអ្នកស្រុកអះអាងថា ជាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត តែហាក់ដូចជាគ្មានសាច់ញាតិ រស់នៅពឹងអ្នកជិតខាងមើលថែ និងផ្តល់អាហារហូបចុក នៅក្នុងភូមិចាន់ គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អ្នកស្រុកអះអាងថា បុរសកំសត់អាយុ៥៧ឆ្នាំ មានឈ្មោះជៀប សុខន ជាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត ដែលកន្លងមកគាត់ជាមន្ត្រីនគរបាលម្នាក់ឈរជើងការពារសន្តិសុខ នៅផ្សារអគ្គៈ ក្រុងប៉ោយប៉ែត ក្រោយមកដោយសារគាត់ពិសារស្រាខ្លាំងពេក ធ្វើឲ្យធ្លាក់ខ្លួនឈឺ តែត្រូវបានអ្នកស្រុកផ្តល់អាហារ និង មើលថែ។


ក្រោយពីបានឮដំណឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ មន្ត្រីនគរបាលម្នាក់នេះ ត្រូវបានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បាននាំយកគ្រឿងឧបភោគបរិភោគដើម្បីជួយឧបត្ថម្ភ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ដើម្បីជួយសង្គ្រោះចំនាយថ្លៃមើលថែ ព្រមទាំងព្យាបាលផងដែរ។


អតីតមន្ត្រីនគរបាលម្នាក់នេះ លោក គាត ហ៊ុល ក៏បានអះអាងដែលថា គាត់ធ្លាប់ជាមន្ត្រីនគរបាលពិតប្រាកដមែន ដោយលោកសំអាងថា ឃើញបុរសម្នាក់នេះស្លៀកពាក់ឯងសណ្ឋានជាមន្ត្រីនគរបាល ដើរទៅធ្វើការកាត់មុខផ្ទះលោកកាលពីប៉ុន្មានឆ្នាំមុន។ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាលម្នាក់នេះ អ្នកស្រុកក៏ដូចជាអ្នកមើលថែទាំគាត់ផ្ទាល់មិនដឹងទេថា គាត់នៅមានឈ្មោះជាមន្ត្រីនគរបាលបន្តទៀត ឬត្រូវបានកាត់ឈ្មោះនោះនៅឡើយទេ តែក៏មិនដែលទទួលបានប្រាក់បៀរវត្សនោះដែរ៕(តុង)

Related Articles

Close