ទំនិញខូចគុណភាពជាច្រើនប្រភេទទំងន់ជិត3តោន ត្រូវបានមន្ត្រីជំនាញម្រមូលដុតកម្ទេចចោល
បន្ទាយមានជ័យ៖ ទំនិញខូចគុណភាពជាច្រើនប្រភេទ សរុបទៅទំងន់ជិត3តោន ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តដុតកំទេចចោលក្រោយពីដកហូតកាលពីពេលថ្មីៗកន្លងទៅ ដែលក្រុមអាជីវករ និងប្រជាពលរដ្ឋយកទៅដាក់តាំងលក់នៅតាមតូបក្នុងផ្សារ ម៉ាត និងតាមផ្ទះ ទូទាំងខេត្តបន្ទាយមានជ័យ។
ការដុតកម្ទេចចោលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021 នៅក្បែរមន្ទីរពិសោធខា្នតតូច របស់មន្ត្រីជំនាញក.ប.ប នៅក្នុងភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទំនិញជាច្រើនមុខដែលត្រូវដុតកម្ទេចចោលរួមមានដូចជា៖ នំធុងមានចំនួន 68ធុង ស្មើ272គីឡូក្រាម ,ទឹកដោះគោ Dutch Mill មានចំនួន 2,070ដប ស្មើ1,718.10គីឡូក្រាម ,ទឹកដោះគោស្រស់ Maji មាន ចំនួន 300ដប ស្មើ 600លីត្រ ,យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន 21យួរ 65.52គីឡូក្រាម សរុបមានទំងន់ 2,655.62គីឡូក្រាម។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលយកទៅដុតកម្ទេចចោលនាពេលនេះគឺបានមកពីកិច្ចសហការរវាងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ក.ប.ប ក្នុងចុះត្រួតពិនិត្យរកផលិតផលខួចគុណភាពព្រមទាំងដកហូតពីអាជីវករដែលដាក់តាំងលក់នៅតាមតូប ក្នុងផ្សារ និងម៉ាត ជាបន្តបន្ទាប់ធ្វើយ៉ាងណាដើម្បីថែរក្សា
និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋពីព្រោះរាល់ថ្ងៃនេះ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែការទទួលទានមុខទំនិញ និងផលិតផលម្ហូបអាហារខូចគុណភាព៕