មន្ត្រីជំនាញ(កបប)ចុះពន្យល់អាជីវករប្រយ័ត្នទិញប៉ះទំនិញបាកូដក្លែងក្លាយយកមកដាក់តាំងលក់
បន្ទាយមានជ័យ៖ មន្ត្រី(កបប)សាខាខេត្តបន្ទាយមានជ័យចុះអប់រំដល់អាជីវករឲ្យបញ្ឈប់ការដាក់តាំងលក់ផលិតផលខូចគុណភាព និងផលិតផលដែលមិនអនុលោមតាមច្បាប់ ដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ និងបរិភោគ។ ធ្វើឡើងនៅព្រឹកថ្ងៃទី06 ខែវិច្ចិកា ឆ្នាំ2021 នៅតាមបណ្តោយផ្សារ តូប ម៉ាត ផ្ទះ ដែលដាក់តាំងលក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចុះមកត្រួតពិនិត្យផលិតផលរបស់មន្ត្រីជំនាញ(កបប) និងអប់រំណែនាំដល់អាជីវករក្នុងគោលបំណងការពារសុខសុវត្ថភាពរបស់អ្នកប្រើប្រាស់ ឬអ្នកទទួលទាន និងការពារខាតបង់របស់អាជីវករ។ ចុះអប់រំផ្សព្វផ្សាយប្រកាសលេខៈ185 របស់ក្រសួងពាណិជ្ជកម្ម ស្តីពីបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ទៅដល់អាជីវករ ដើម្បីឲ្យអាជីវករកាន់តែយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តទិញផលិតផល យកមកដាក់តាំងលក់ជៀសវាងផលិតផលដែលបង្ករហានិភ័យដល់អ្នកប្រើប្រាស់ ដែលអាចប្រឈមចំពោះមុខច្បាប់។
ការចុះពន្យល់អប់រំណែនាំរបស់មន្ត្រីជំនាញ(កបប) បានឲ្យអាជីវករយល់ដឹងអំពី កាលបរិច្ឆេទប្រើប្រាស់ ការពិនិត្យមើលបាកូដក្លែងក្លាយ បញ្ឈប់ការដាក់តាំងលក់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ បញ្ឈប់ការដាក់តាំងលក់ផលិតផលខូចគុណភាព និងផលិតផលមិនអនុលោមតាមច្បាប់។ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញថា ផលិតផលសំអាងជាច្រើន ដែលមិនទាន់អនុលោមតាមច្បាប់ ដូចជា៖ប្រភេទឡេ មួយចំនួនគឺមិនទាន់មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងមួយចំនួនទៀតគឺក្លែងបន្លំបាកូដផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញបានដកហូតផលិតផលមិនអនុលោមច្បាប់ រួមមាន៖ ម្សៅលាបមុខ “ថាកលាងឃឹន” ចំនួន 118ខ្លង, ម្សៅលាបមុខខ្លងក្រហម ចំនួន 1.3គីឡូក្រាម, ឡេបុប្ផាស្រ្កាប់ ចំនួន 31ប្រអប់, Peach Peeling ចំនួន 8ប្រអប់, Milky Vitamin Candy ចំនួន 2ប្រអប់, Extra White NIVEA ចំនួន 7ប្រអប់, Christian Bernard ចំនួន 2ប្រអប់ Cream Base ចំនួន 1ធុង, ផលិតផល Crab Stick ចំនួន 14កញ្ចប់ សរុបមានចំនួន 38.7គីឡូក្រាម៕( សៅ វីណា)


