កិច្ចប្រជុំពង្រឹងវិន័យ និងត្រួតពិនិត្យរបៀបរបបការងារ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំលោកស្នងការរងទទួលផែននីមួយៗ និង លោកនាយការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ផ្តោតលើការគោរពវិន័យ ០០៦ បបជ ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្តថា មន្ត្រីនគរបាល ត្រូវអនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានល្អ ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួល រៀបចំការងារកិច្ចការរដ្ធបាលប្រចាំថ្ងៃឱ្យបានល្អ គ្រប់គ្រងបញ្ជីវត្តមាន និងក្តាប់អំពី កម្លាំងសេរី អ្នកឈឺ បេសកម្ម ឲ្យបានម៉ឹងម៉ាត់ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និង រៀបចំបន្ថែមកន្លែងចន្លោះប្រហោង (ប្រអប់)។គោរពពេលម៉ោងធ្វើការ ការស្លៀកពាក់ឯកសណ្ធានឱ្យបានសមរម្យ ដើម្បីបញ្ជាក់ពីភាព ម៉ឺងម៉ាត់ ភាពស្វាហាប់ និង ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយដើម្បីសម្រេចនូវរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសនគរបាលគ្រប់រូបត្រូវថែរក្សាសុខភាព និងបន្តអនុវត្ត 3កុំ 3ការពារ តាមគោលការរបស់ក្រសួងសុខាភិបាល និងរៀនតាមបែបគន្លងថ្មី ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕


