ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ គ្រោងបើកការិយាល័យបណ្តោះអាសន្ន ឲ្យដឹកទំនិញចេញចូល មុនពេលអគាររដ្ឋបាលធ្វើមិនទាន់រួច
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ព្រំដែនកម្ពុជា.ថៃ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គ្រោងបើកការិយាល័យបណ្តោះអាសន្នឲ្យដឹកទំនិញចេញចូល ដើម្បីសម្រួលចរាចរណ៍ការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពិនិត្យមើលគុណភាពផ្លូវជាតិលេខ៥៨ ដែលគ្រោងនិងសម្ភោពដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះពិនិត្យនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ ឯកឧត្តមស៊ុន ចាន់ ថុល បានមានប្រសាសន៍ថា ដើម្បីសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះធ្វើឲ្យទំនិញដឹកជញ្ជូនមានការយឺតយ៉ាវ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯកឧត្តម និងក្រុមការងារកំពុងចុះសិក្សានៅលើទីតាំងច្រកទ្វារអន្តរជាតិស្ទឹងបត់ ដើម្បីបើកការិយាល័យបណ្តោះអាសន្ន ឲ្យមានការដឹកទំនិញចេញចូលរវាងភាគីកម្ពុជា.ថៃផងដែរ។ ឯកឧត្ត ស៊ុន ចាន់ថុល បញ្ជាក់ថា ការបើកការិយាល័យបណ្ណោះអាសន្ននេះ បាន ឬមិនបាន គឺអាស្រ័យលើភាគីថៃផងដែរ បើសិនជាភាគីថៃយល់ព្រម យើងនឹងដំណើរជាបណ្តោះអាសន្នមុនពេលដែលអគាររដ្ឋបាលធ្វើមិនទាន់រួច ហើយនិងណាត់ភាគីថៃពិភាក្សាគ្នានៅពេលឆាប់ៗនេះ។
ដោយឡែក ឯកឧត្តមបានបញ្ជាក់បន្ថែមថា ព្រឹកនេះក៏មានការពិនិត្យលើគុណភាពផ្លូវជាតិលេខ៥៨ ដែលតភ្ចាប់ពីផ្លូវជាតិលេខ៥ក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ ចំងាយ១៧៣គីឡូម៉ែត្រ ជាប្រភេទផ្លូវដែលចាក់កៅស៊ូស្តើង២ជាន់ ដែលចំណាយទឹកប្រាក់អស់ប្រមាណ២២លានដុល្លារអាមេរិក។ ហើយក៏បានឲ្យភាគីម៉ៅការចិន បំពេញបន្ថែមនូវចំណុចមួយចំនួន ដូចជា ផ្លូវមិនមានលក្ខណៈស្មើល្អ និងរៀបចំគំនូសផ្លូវឲ្យបានស្អាតល្អផងដែរ៕(ទឹម តុលា)




