ដេញកាប់គ្នាទាល់តែជាប់ខ្នោះសមត្ថកិច្ចក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងស្ទាវ២ក្រុមកាន់កាំបិតដេញកាប់គ្នា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានម្នាក់ ចំណែក២នាក់រត់រួច។ ហេតុការណ៍នេះកើតឡើងម៉ោងជាង១២យប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ខែ កុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលអគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីក្រុមក្មេងស្ទាវទាំងនេះ ធ្វើសកម្មភាពដេញកាប់គ្នានោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលកំពុងដើរល្បាតការពារសន្តិសុខពេលយប់ បានធ្វើការឃាត់ខ្លួនភ្លាមៗបានម្នាក់ និង២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំការសួរនាំកសាងសំណុំរឿង៕(លោក ទឹម តុលា)




