ឃាត់ខ្លួនជនសង្ស័យឆក់កាបូប និងទូរសព្ទដៃចំនួន៦នាក់ បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង
បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ( ឆក់ យក កាបូប និង ទូរសព្ទ ដៃ ) ចំនួន ០៤ករណីផ្សេងគ្នា។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យ៦នាក់ត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ខៀវ យ៉ា អាយុ ៣៦ ឆ្នាំ ,ទី២- ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ អាយុ ២៦ ឆ្នាំ ,ទី៣-ឈ្មោះ ឡុង លាវ ហៅ តក់ អាយុ ២០ ឆ្នាំ ,ទី៤- ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ អាយុ ២៥ ឆ្នាំ ,ទី៥-ឈ្មោះ ធឿន ថន អាយុ ២៥ ឆ្នាំ ទាំង០៥នាក់មានទីលំនៅក្នុងស្រុក ឯកភ្នំ ខេត្ត បាត់ដំបង, និងទី៦- ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ តាកុយ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង និងបានដកហូត ម៉ូតូចំនួន០២គ្រឿង និង ទូរស័ព្ទដៃ ចំនួន០១គ្រឿង ផងដែរ ។
លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ យោងតាម ចម្លើយសារភាព របស់ ក្រុមជនសង្ស័យ ខាងលើបានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយជិះម៉ូតូឆក់កាបូប និង ទូរសព្ទដៃពិតប្រាកដមែន បន្ទាប់មកជនសង្ស័យទាំង០៦នាក់ រហូតមកដល់ថ្ងៃនេះត្រូវបាននគរបាលការិយាល័យ ជំនាញ កំពុង ធ្វើការកសាង សំណុំរឿង ដើម្បី បញ្ជូន ទៅសាលា ដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ (ម៉ៅ និមល)



