ជីកលក់ៗបើមិនទប់ទេ រណ្តៅដី​​នៅក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនឹង​ជីកដាច់ក្បាល​​ប្រែត

(បន្ទាយមានជ័យ)៖ ​រណ្តៅ​ដី​ដ៏ធំមួយ​ដែល​​​ឈ្មួញធ្វើ​អាជីវកម្ម​​ជីក​កាយ​​​យក​ដី​​​​លក់​​​លើទំហំ​​ផ្ទៃ​ដី​​ប្រមាណ​​៣ទៅ៤ហិកតា ​​​មាន​ទីតាំង​ស្ថិត​នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​​​កំពុង​​បង្ក​ផលប៉ះ​ពាល់​​ធ្ងន់ធ្ងរ​​​ទៅៗ​ ដល់ប្រជាពលរ​ដ្ឋ​​​​ក្នុងភូមិ​អំពីបញ្ហា​​​ដែលឈ្មួញ​ជីកដី​រូង​ចុះ​ក្រោម​​មាន​ជម្រៅ​លើសពី១០ម៉ែត្រ​ទៅហើយ។​​ ក្តី​ព្រួយ​បារម្ភ​​ជា​សំខាន់នោះ គឺ​ប្រជាពលរដ្ឋ​​​មាន​ការ​ភ័យ​​ខ្លាច​ក្នុង​រដូវ​វស្សា​​ខាង​មុខនេះ​ ខ្លាចមាត់​រណ្តៅ​​បាក់​ស្រុត​​រាលដាល​​​ដល់ដី​ស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមរបស់ពួកគាត់។

ចំណែកប្រជាពលរដ្ឋរួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ កំពុងមានការព្រួយបារម្ភ ពីសុវត្ថភាពធ្វើដំណើរខណៈរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង ដឹករាប់រយជើងក្នុងមួយថ្ងៃៗ របស់ក្រុមឈ្មួញកាយដីលក់ បើកបរក្នុងល្បឿនលឿនៗ និងគ្មានស្លាកសញ្ញាសំគាល់ ឬបង្ហាញ និងគ្មានសន្តិសុខរៀបចំសណ្តាប់នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញបណ្តែតបណ្តោយឲ្យ​​​ក្រុម​​ឈ្មួញ​​រកស៊ី​​​ដឹក​ដី​លក់​​យ៉ាង​គគ្រឹកគគ្រេង​​​​អត់​ខ្វល់​ពី​ផលប៉ះ​ពាល់​​​អ្វីឡើយ ទោះបីរថយន្តដឹកដីមិនគ្របស្បៃ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរយ៉ាងណាក៏ដោយ។

ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន សូមលោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ ​មេត្តា​​​មានវិធាន​ការ​​ចុះមកណែនាំ​​ការដ្ឋាន​​​​​ជីកដី​លក់​ខាង​លើ​នេះឱ្យ​បានឆាប់ផង​​  កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំ ម្យ៉ាងវិញទៀត​សូមមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាតិត្រឹមត្រូវដែលទេ ហើយថាតើការអនុវត្តរបស់ក្រុមឈ្មួញខាងលើនេះ អនុវត្តទៅតាមអនុលោមតាមច្បាប់ដែរទេ ខណៈដែលជីកជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល៣ទៅ៤ហិកតាបែបនេះ។ ម្យ៉ាងវិញទៀត រណ្តៅដីខាងលើនេះ គ្មានរបងហ៊ុំព័ន្ធ ដែលធ្វើឲ្យអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់នានាសំរាប់កូនចៅតូចៗ និងសត្វចិញ្ចឹមគោ ក្របី ពពែ បើធ្លាក់នោះ មិនសង្ឃឹមរស់ឡើយ ឬអាចលង់ស្លាប់នៅពេលរណ្តៅមានទឹកនៅខែវស្សា។

ពាក់ព័ន្ធនិងបញ្ហានេះ នៅល្ងាចថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣នេះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកមិនហ៊ាន​បញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ លោកប្រាប់ថាឲ្យទៅសួរខាងមន្ទីរជំនាញ ដោយឡែករថយន្តដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនេះ លោកបញ្ជាក់ថា លោកនិងចាត់មន្ត្រីមកពិនិត្យមើលខណៈដែលក្រុមឈ្មួញខាងលើនេះ ដឹកដីលក់នៅទីតាំងខាងលើនេះរាប់ខែមកហើយ។

ដោយឡែកចំពោះលោក សុត វឌ្ឍនា ប្រធានម​ន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យវិញ អ្នកសារព័ត៌ស្ទើរតែគ្រប់អង្គភាពទៅហើយ គឺពិបាកក្នុងការទំនាក់ទំនងដើម្បីសុំការបំភ្លឺខ្លាំងណាស់ ពាក់ព័ន្ធរឿងរណ្តៅដី ឬកាយភ្នំខលចូលមិនលើក ឬលើកហើយដឹងថាអ្នកសារព័ត៌បិទ ឬថារវល់៕(សៅ នៅ)

 

 

Related Articles

Close