ល្បែងមាន់ជល់អនឡាញនៅក្បែរវត្តអូរអន្លក់ ចំងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ប្រហែល២០០ម៉ែត្របើកលេងយ៉ាងរំភើយ សមត្ថកិច្ចមិនបង្ក្រាប
បាត់ដំបង៖ ល្បែងខុសច្បាប់នៅក្បែរវត្តអូរអន្លក់ ចំងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន និងសាលាឃុំតាសែន ប្រហែល២០០ម៉ែត្របើកលែងយ៉ាងរំភើយ សមត្ថកិច្ចមិនបង្ក្រាប ស្ថិតនៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ល្បែងជល់មាន់តាមអនឡាញគេឃើញអ្នកញៀនល្បែងចតម៉ូតូនៅជាប់ផ្លូវចូលច្រកតំបន់អូរអន្លក់ ពាសពេញចិញ្ចើមផ្លូវ នៅក្បែរវត្តអូរអន្លក់អង្គុយភ្នាល់ល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍យ៉ាងរំភើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន បានត្រឹមតែជិះទៅជិះមកគ្មានវិធានការ ព្រោះគ្មានបទបញ្ជាពីលោក អធិការស្រុកកំរៀង បញ្ជាឲ្យបង្ក្រាប។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា កន្លែងបើកល្បែងភ្នាល់មាន់ជល់តាមអនឡាញនៅលើកញ្ចក់ទូរទស្សន៍នេះ គេលែងជារៀងរាល់ថ្ងៃមិនដែលឃើញមានសមត្ថកិច្ចបង្ក្រាបនោះទេ បើគិតចំងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែនវិញ ប្រហែលតែជាង២០០ម៉ែត្រប៉ុណ្តោះ សង្ស័យមេល្បែងត្រូវរូវគ្នាជាមួយសមត្ថកិច្ចទើបហ៊ានលែងនៅជាប់ផ្លូវធំ ដែលជាផ្លូវចូលច្រកតំបន់អូរអន្លក់យ៉ាងនេះ ព្រោះថា ច្រកនេះ មានអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋចេញចូលជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ខែ មីនា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុមចូលប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ដើម្បីរាយការណ៍ជូនថាមានល្បែងស៊ីសងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន នគរបាលប៉ុស្តិ៍តាសែនបាន ឲ្យអ្នកសារព័ត៌មានខលទៅលោក ចេ គឹមចត់ អធិការស្រុកកំរៀង។ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការស្រុកកំរៀង បានប្រាប់ថា លោកនឹងចាត់កម្លាំងទៅបង្ក្រាប។ បន្ទាប់ពីអ្នកសារព័ត៌មានរាយការណ៍ជូនលោកអធិការរួច មួយសន្ទុះក្រោយមកអ្នកលែងក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ទាំងមិនទាន់ឃើញសមត្ថកិច្ចមកផង ហាក់បីដូចមានអ្នកប្រាប់ដំណឹង។
ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក សុខ ដែន អភិបាលស្រុកកំរៀង ដែលជាគណៈបញ្ជាការឯកភាពស្រុក ដាក់វិធានឲ្យកម្លាំងមានសមត្ថកិច្ច ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេគ្មានយីហោងនេះផង ចៀសវាងមានការរិះគន់ថា អាជ្ញាធរនៅក្នុងមូលដ្ឋាន ត្រូវរូវគ្នាជាប្រព័ន្ធបើកដៃឲ្យមានល្បែងស៊ីសងខុសច្បាប់ ផ្ទុយគោលការណ៍៧ចំណុច ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីចូលរួមបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានដូចជា៖ ចោរលួច-ចោរឆក់-ចោរប្លន់ ហិង្សាក្នុងគ្រួសារ ដែលកើតចេញពីល្បែងស៊ីសងនៅក្នុងមូលដ្ឋាន៕(សៅនៅ)



