សាលាឯកជនពន្លកខ្មែរ យកទ្រូងផ្លូវ១ចំហៀងធ្វើអាជីវកម្មរាប់ឆ្នាំ អាជ្ញាធរនៅមិនទាន់មានវិធានការ
ខេត្តបន្ទាយមានជ័យ៖ សាលារៀនឯកជនយីហោ “ពន្លកខ្មែរ” យកទ្រូងផ្លូវ១ចំហៀងធ្វើអាជីវកម្មរាប់ឆ្នាំ ដែលគេសង្កេតឃើញថា មិនតិចជាង៣ឆ្នាំឡើយ អាជ្ញាធរនៅមិនទាន់មានវិធានការទប់ស្កាត់ ទុកឲ្យពលរដ្ឋធ្វើការរិៈគន់ និងធ្វើឲ្យចង្អៀតផ្លូវ បង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ដែលសាលារៀនឯកជន ពន្លកខ្មែរដ៏ធំមួយនេះ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ការយកដីផ្លូវ១ចំហៀងជាយូរឆ្នាំមកនេះ នាយកសាលារៀន ពន្លកខ្មែរ លោក យូ សុខខេន បានប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី០៤ ខែមីនា នេះថា ការយកដីផ្លូវ គ្រាន់តែជាការធ្វើបណ្តោះអាសន្នតែប៉ុណ្ណោះ លោកមិនបានយកដីផ្លូវធ្វើជាកម្មសិទ្ធឡើយ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមិនដែលក្តៅក្រហាយ និងមិនបានរិៈគន់អ្វីឡើយ ហើយលោកក៏ជាអ្នកជួយបក្សច្រើនផងដែរ។

ចំពោះការរិៈគន់ ទៅលើសាលារៀនឯកជន ដែលយកទ្រូងផ្លូវ១ចំហៀងធ្វើជាប្រយោជន៍អាជីវកម្មរបស់ខ្លួននេះ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៤ មីនានេះថា លោកទើបតែដឹងព័ត៌មាននេះ ពីអ្នកសារព័ត៌មាននៅព្រឹកមិញតែប៉ុណ្ណោះ លោកបានចាត់ឲ្យក្រុមការងារថ្នាក់សង្កាត់ចុះទៅមើលហើយ។ លោកបញ្ជាក់ថា ការរំលោភដី ត្រូវតែអនុវត្តទៅតាមច្បាប់ មិនទាក់ទងរឿងជួយបក្សនោះទេ ហើយមិនត្រូវអាងរឿងជួយបក្ស រំលោភច្បាប់នោះដែរ៕(លោក៖សៅ នៅ)




