កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតទឹកក្រះថុម និងកញ្ឆាដែលលួចលាក់ផលិតខុសច្បាប់
កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតទឹកក្រះថុម និងកញ្ឆាដែលលួចលាក់ផលិតខុសច្បាប់
បន្ទាយាមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងផលិតទឹកក្រះថុមខុសច្បាប់ និងរកឃើញកញ្ឆាក្រាម បំពង់សំរាប់ជក់កញ្ឆាជាច្រើន នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយទទួលព័ត៌មានពីអាជ្ញាធរថាមានការផលិតទឹកក្រះថុម និងមានការអនុញ្ញាតិពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ចុះកាត់សោរផ្ទះដែលជាទីតាំងផលិតទឹកក្រះថុម ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ ក្រោយពីធ្វើការកាត់សោររកឃើញវត្ថុតាំងរួមមាន ទឹកក្រះថុមកំពុងស្ញោរក្នុងឆ្នាំងចំនួន០៦ឆ្នាំង, ទឹកក្រះថុមច្រកក្នុងដម មាន ៣០០ដប, ស្លឹកក្រះថុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ថ្នាំដបពីរប្រភេទ
ចំនួន០២កេសធំ(សារធាតុលាយផ្សំ), កញ្ឆាស្ងួតចំនួន០៧ថង់, ចានដែកធំចំនួន០៦, ធុងទឹកកកចំនួន០៣, ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ទូដែកចំនួន១(ទទេ) និង ថង់វេចខ្ចប់ រួមជាមួយដបច្រកមួយចំនួនធំ ចំណែកមនុស្សគេចខ្លួនបាត់អស់។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកក្រះថុម និងស្លឹកក្រះថុមត្រូវបំផ្លាញចោល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកក្រះថុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ ៕



