រង្វង់មូលថ្មីក្រុងប៉ោយប៉ែតគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ពេក ពលរដ្ឋសំណូមពរឲ្យដាក់ភ្លើង និងស្លាកសញ្ញាបន្ថែម
បន្ទាយមានជ័យ៖ រង្វង់មូលដ៏ធំថ្មី ជាចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៨ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ដែលតែងមានគ្រោះថ្នាក់ស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់ ពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញបន្ថែមភ្លើង និងស្លាកសញ្ញាឲ្យកាន់តែច្រើនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អាជីវករលក់ដូរនៅក្បែររង្វង់មូលថ្មីនេះ បានឲ្យដឹងថា ស្ទើរតែជារៀងរាល់ថ្ងៃហើយ ដែលរង្វង់មូលថ្មីមួយនេះ ត្រូវបានរថយន្ត មូតូ និងយាន្តជំនិៈផ្សេងៗបើកបុករះ ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ៍សាធារណៈ និងធ្វើឲ្យមាន អ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ។ ដោយមើលឃើញថា វង្វង់មូលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ច្រើន អាជីវករបានសម្តែងមតិថា កត្តាទាំងនេះបណ្តាលមកពីរង្វង់មូលធំ ហើយជាចំណុចក្រៅក្រុង អ្នកធ្វើដំណើរបើកបរក្នុងល្បឿនលឿន ភ្លេចខ្លួន រួមផ្សំរង្វង់មូលមានភ្លើងតិចពេក មិនសូវមានពន្លឺ ហើយក្នុងនោះក៏អាចមកពីការបើកបរក្នុងស្ថានភាពស្រវឹងផងដែរ។

អាជីវករទាំងនោះបានសំណូមពរដល់អាជ្ញាធរនិងមន្ត្រីជំនាញ បន្ថែមភ្លើង ដាក់ស្លាកសញ្ញាចរាចរណ៍ និងដាក់រូបសំណាក់ ដូចជារូបសំណាក់ព្រះ ឬរូបសំណាក់ផ្សេងៗ សំរាប់អុចធូបបូរជា ដែលពួកគាត់យល់ឃើញថា ធ្វើរបៀបនេះ និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។

លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅល្ងាចថ្ងៃទី១៥ខែមីនានេះថា ចំពោះរង្វង់មូលខាងលើអាជ្ញាធរក្រុងបានទិញសូឡាដាក់តាំងពីជំនាន់លោកអភិបាលក្រុងចាស់មកម្លេះប៉ុន្ដែដាក់មានរថយន្តបុក ជួនពេលខ្លះបុកចំភ្លើងសូឡា ឃើញបែបនេះរដ្ឋបាលបានទិញភ្លើងសញ្ញាក្រហមដាក់ក៏បុកបន្ថែមទៀត ហើយខាងក្រុមហ៊ុនចិនក៏មកជួសជុលផងដែរ។

លោកបញ្ជាក់ថា៖ ខាងរដ្ឋបាលក្រុងបានដាក់ភ្លើងសញ្ញារំកិលប្រាប់ទិសដៅរង្វង់មូលក៏បុក លោកទទួលព័ត៌មានថាក្រសួងសាធារណការ និងធ្វើផ្លូវឆ្លងពីលើរង្វង់មូល ក្នុងនាមអាជ្ញាធរក្រុងដាក់បានត្រឹមតែភ្លើង និងពន្លឺកញ្ចាំងសំរាប់បញ្ចាំងឲ្យអ្នកបើកបរដឹងថារង្វង់មូលតែប៉ុណ្ណឹង ហើយអាជ្ញាធរបានកម្ម៉ង់ទិញភ្លើងដាក់ថែមចំនួន៤ទៀត តែមិនទាន់មកដល់ ចំពោះគម្រោងធ្វើអ្វី ឬដាក់អ្វីនៅរង្វង់មូលនោះអាជ្ញាធរមិនទាន់មានគម្រោងទេ ព្រោះត្រូវឆ្លងយោបល់ទៅអភិបាលខេត្ត និងក្រសួងគមនាគមន៍ផងដែរ៕ (ទឹម តុលា)




