ត្រួតពិនិត្យរកទំនិញខូចគុណភាព និងព្រមានអាជីវករ ដែលលក់ទំនិញមិនបិទតម្លៃប្រាក់រៀល ត្រូវទទួលទោសតាមច្បាប់

 

        ខេត្តបន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រួមជាមួយនិងមន្ត្រីពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចុះពិនិត្យរកទំនិញខូចគុណភាព ផុតសុពលភាពប្រើប្រាស់ និងបានព្រមានដាក់វិធានការតាមផ្លូវច្បាប់ ចំពោះពាណិជ្ជករ អាជីវករ និងសេវាកររូបណា ដែលមិនបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួន នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅតាមហាងលក់ទំនិញ និងផ្សារម៉ាត នៅក្នុងតំបន់កាស៊ីណូ ក្រុងប៉ោយប៉ែត។
        លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានលើកឡើងថា មន្រ្តីជំនាញបានអនុវត្តឱ្យមានការសរសេររាយមុខទំនិញ តាំងលក់ក្នុងផ្សារម៉ាត ទីតាំងលក់ទំនិញ ដោយយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជ កម្មស្តីពីការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ដោយធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌។
         លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រកាសនៃប្រការ៨ គ្រប់ពាណិជ្ជករ អាជីវករទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះទេ ត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ហើយ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចំនួន២លានរៀលដល់៦លានរៀល ហើយបើក្នុងករណី ចង់សរសេររាយមុខទំនិញជាតម្លៃរូបិយបរទេសអាចទៅទំនាក់ទំនងសួរនាំព័ត៌មានខាងមន្ទីរពាណិជ្ជកម្មខេត្ត។

        គួរបញ្ជាក់ថា៖ ក្រោយពីមានការយកចិត្តទុកដាក់របស់មន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មជារឿយៗមកនេះ ឃើញថា ការបិទស្លាកតម្លៃជាប្រាក់រៀល នៅលើមុខទំនិញ សេវាកម្ម នៅតាមផ្សារម៉ាត ហាងផ្សេងៗ របស់អាជីវករ ពាណិជ្ជករ និងសេវាករ បានអនុវត្តបានល្អប្រសើរឡើង។ ដោយឡែកហាង និងម៉ាត នៅក្នុងតំបន់កាស៊ីណូមួយចំនួន ត្រូវបានយកតម្លៃបា្រក់បាតថៃជាគោល ដោយបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរមានតម្លៃខ្ពស់ ១០០បាតស្មើនឹង១៤០០០រៀល ទៅ១៥០០០រៀល លើសពីអត្រាប្តូរប្រាក់៕(សៅនៅ)

Related Articles

Close