រយៈពេល៣ថ្ងៃចុងខែមីនាពលករជាង៣០០នាក់ សម្រុកចេញពីថៃ មកកម្ពុជា
ខេត្តបន្ទាយមានជ័យ៖ ពលករប្រុស.ស្រីត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទ័ពសៀមស្រុកតាបប្រាយ៉ា(ថៃ) ខេត្តស្រះកែវ ទល់មុខច្រកបៀងចំការគក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក ជាបន្តបន្ទាប់ដោយចាប់គិតពីថ្ងៃទី២៩ខែរហូតមកដល់ថ្ងៃទី៣១មីនាឆ្នាំ២០២០នេះមានចំនួន៣៣៣នាក់។

យោងតាមរបាយការណ៍ ពីមណ្ឌលសុំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ដែលជាកន្លែងអាជ្ញាធរយកពួកគាត់មកពិនិត្យសុខភាព និងអប់រំណែនាំបានឲ្យដឹងថា ពលករប្រុស.ស្រី ដែលអាជ្ញាធរកម្ពុជាយកពលរដ្ឋចេញពីរបៀងនៅថ្ងៃទី២៩ ខែមីនា មានចំនួន ៨៩នាក់ នៅថ្ងៃទី៣០ខែមីនាមានចំនួន ១២៧នាក់ និងនៅថ្ងៃទី៣១ ខែមីនា មានចំនួន ១១៧ នាក់ សរុបទាំងបីថ្ងៃមានចំនួន៣៣៣នាក់។

ប្រភពពីទាហ៊ានបានឲ្យដឹងទៀតថា ក្រុមទាហ៊ាននៅជួរមុខទៅទទួលយកពីទឹកដីថៃ និងនាំគាត់មកប្រមូលផ្តុំគ្នា ដែលថៃបានដឹកយកចោលតាមបន្ទាត់ព្រំដែន ខ្លះមកដល់យប់ត្រូវដេកព្រៃមួយយប់សិន ហើយភាគីថៃ មិនបានដាក់ឲ្យនៅជុំគ្នាឡើយ ដោយដាក់ត្រង់នេះបន្តិច ដាក់ត្រង់នោះបន្តិច នៅក្នុងទឹកដីរបស់ថៃ ជាប់ជាយដែន។

ដើម្បីងាយស្រួលដល់ការគ្រប់គ្រងក្នុងការតាមដានសុខភាពរបស់ពលរដ្ឋ និងក្រោមបទបញ្ជា និងការណែនាំ ពី លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ដឹកនាំកម្លាំងចុះសហការ ជាមួយអាជ្ញាធរ បានចុះធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ដែលទើបតែត្រឡប់មកពីប្រទេសថៃឲ្យយល់ដឹងអំពីវិធីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីប្រមូលជុំគ្នាពលករទាំងអស់នោះត្រូវដឹកមកពិនិត្យសុខភាពនៅមណ្ឌលសុំចតក្រុងប៉ោយប៉ែត។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ចំពោះភាគីថៃគាត់មិនបានដេញប្រជាពលរដ្ឋខ្មែរឲ្យត្រឡប់មកវិញនោះទេ តែពួកគាត់មិនអាចនៅបាន ព្រោះកន្លែងការងារនៅតាមបណ្តាលក្រុមហ៊ុន រម្មណីយដ្ឋាន រោងចក្រ និងកន្លែងការងារមួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានផ្អាក ធ្វើឲ្យអត់ការងារ ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តវិលត្រលប់មកស្រុកកំណើតរបស់គាត់វិញ។ លោកបន្ថែមថា ក្នុងនាមអាជ្ញាធរ និងជាបងប្អូនខ្មែរដូចគ្នាត្រូវតែទទួលទោះមានការនឿយហត់យ៉ាងណាក៏ដោយ។ លោកផ្ដែផ្ដាំពលករក៏ដូចជាពលរដ្ឋនៅក្នុងមូលដ្ឋានសូម ស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ដើម្បីការពារសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ៕(សៅនៅ)




