អ្នកជំងឺកូវីត១៩ នៅក្រុងប៉ោយប៉ែត ដែលឆ្លងពីជនជាតិថៃត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង


ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ ៣០ឆ្នាំ ដែលបានឆ្លងជំងឺកូវីត១៩ ក្រោយពីបានប៉ះពាល់អ្នកជំងឺជនជាតិថៃ ដែលបានសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ក្រុងប៉ោយប៉ែត កាលពីចុងខែមីនានោះ នៅព្រឹកថ្ងៃទី០៧ មេសា ឆ្នាំ២០២០នេះ បានជាសះស្បើយទាំងស្រុង ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ក្រុមគ្រូពេទ្យជួរមុខបង្អែកប៉ោយប៉ែត២ និងផ្អែកតាមគោលការណ៍ណែនាំជាតិ ស្តីពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។


ផ្អែកតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលមានលេខកូដ nCoV-5256 ចំនួន ០១នាក់ ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ រហូតមក បានបង្ហាញលទ្ធផលថា អ្នកជំងឺកូវីដ-១៩ ខាងលើ មានលទ្ធផលអវិជ្ជមានចំនួនពីរលើក ក្រោយពីបញ្ជូនសំណាកវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីត្រួតពិនិត្យលើកទី៣ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ និងបានទទួលលទ្ធផលនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ត្រូវបានជាសះស្បើយទាំងស្រុង។


លោក អ៊ុំ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ និងជូនដំណើរអ្នកជំងឺកូវីដ-១៩ ម្នាក់នេះ ដែលទើបព្យាបាលជាសះ អនុញ្ញាតឲ្យ ត្រលប់ទៅលំនៅដ្ឋានវិញដើម្បីរស់នៅជួបជុំគ្រួសារ និងបានជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យថវិកា២,០០០,០០០រៀល(ពីរលានរៀល) និងថវិកាមួយចំនួនជូនដល់បុរសដែលទើបតែជាពីរជំងឺផងដែរ។


គួរបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងជំងឺកូវីត១៩មានចំនួន៤ករណីហើយ មកទល់និងថ្ងៃទី០៧ខែមេសា ឆ្នាំ២០២០នេះ និងបានជាសះស្បើយចំនួន៣ករណី នៅសល់តែ១ករណីប៉ុណ្ណោះ៕(សៅ នៅ)

Related Articles

Close