ប្រាប់បងប្អូនថាចង់ទៅលេងប្រាសាទបុរាណទាំងយប់ លុះព្រឹកឡើងប្រទះឃើញសពនៅក្រោមដើមឈើ

បន្ទាយមានជ័យ៖ បុរសម្នាក់ប្រាប់បងប្អូនថា ចង់ទៅលេងប្រាសាទមេបុណ្យទាំងយប់ លុះព្រឹកឡើង ត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមស្តៅ បែកក្បាល និងបាក់កស្លាប់នៅវេលាម៉ោង៦ និង៣០នាទី នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ នៅលើខ្នងទំនប់អាងខាងជើងប្រាសាទមេបុណ្យ នៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា បើតាមការបំភ្លឺពីបងប្អូនសពប្រាប់ថា សពជាមនុស្សសតិមិនគ្រប់ ហើយនៅវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែមិថុនា ជនរងគ្រោះ ឈ្មោះហឿយ សល់ រស់នៅក្នុងភូមិកើតហេតុ បាននិយាយទៅកាន់បងប្អូនថារូបគេ ចង់ទៅលេងប្រាសាទមេបុណ្យទាំងយប់ លុះដល់ព្រឹកឡើងមានប្រជាពលរដ្ឋប្រទះឃើញសព ដេកស្លាប់នៅក្រោមដើមស្តៅក្បែរផ្លូវលំដោយមានមែកស្តៅធ្លាក់បាក់ផងដែរ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញនិងប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ សហការជាមួយគ្រួពេទ្យ  អាជ្ញាធរឬភូមិឃុំ ដើម្បីធ្វើការពិនិត្យសព។ ឆ្លងតាមការត្រួតពិនិត្យឃើញស្នាមបែកក្បាល និងបាក់.ក គ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះបានឡើងដើមស្តៅជាន់ប៉ះមែកតូចបាក់ធ្លាក់ក្បាលមកមុន បណ្តាលឲ្យបែកក្បាលនិងបាក់.ក ស្លាប់តែម្តង ដោយមិនពាក់ព័ន្ធនិងមនុស្សឃាតនោះឡើយ៕ (ទឹម តុលា)

Related Articles

Close