អាជ្ញាធរស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង650ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់
(បន្ទាយមានជ័យ)៖ អាជ្ញាធរស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង650ម៉ែត្រ ជួយសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ត្រូវបានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ជើញបើកការដ្ឋានស្ថាបនា នៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 ដែលជាកញ្ចប់ថវិកាមូលនិធិសង្កាត់និមិត្ត ឆ្នាំ2021។
ផ្លូវមួយខ្សែប្រវែង650ម៉ែត្រ ទំហំ5ម៉ែត្រ និងកំរ៉ាស់1.5 ដេស៊ីម៉ែត្រ (1.5តឹក) និងជួយសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ និងជួយលើកសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំរាប់សង្កាត់និមិត្តមួយផ្នែកផងដែរ។
ជាមួយគ្នានោះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានជម្រុញលើកទឹកចិត្តដល់លោកចៅ សង្កាត់និមិត្តរួមទាំង សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ មេភូមិជួយគៀគរសប្បុរសជន ជួយបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ និងដាំកូនឈើអមសងខាងផ្លូវ ដើម្បីបង្កើនសោភ័ណភាពផ្លូវឲ្យកាន់តែស្រស់ស្អាតថែមទៀត៕