បាញ់គ្នាសាហាវនៅកុងតឺន័រ ABC ផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត របួសធ្ងន់ជាច្រើននាក់
បន្ទាយមានជ័យ៖ ផ្អើលអស់ក្រុងប៉ោយប៉ែត ករណីបាញ់គ្នាប្រមាណ២០គ្រាប់ នៅហាងផឹកស៊ីកុងតឺន័រ ABCផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត ធ្វើឲ្យមានអ្នករបួសជាច្រើននាក់ និងប៉េអឹមម្នាក់រងរបួសធ្ងន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣.៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត។
ប្រភពកន្លែងកើតហេតុ បានប្រាប់ថា ករណីនេះកើតឡើងដោយសាររវាងជនជាតិខ្មែរ និងជនជាតិថៃបង្កជំលោះគ្នា កើតជាអំពើហិង្សា វាយប្រតាយប្រតប់គ្នា និងខាងភាគីខ្មែរ បានទាញកាំភ្លើងបាញ់ផ្អើលធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់។ ប្រភពបានបន្តថា ដើមដំបូងដោយសារភាគីខ្មែរជាអ្នកកាងម្ចាស់ហាងស្រី ជាជនជាតិថៃ ទំនងផឹកស៊ីស្រវឹងឌឺដងផ្លែផ្កាដាក់គ្នាជាមួយភាគីថៃទើបកើតរឿងតែម្តង បន្ទាប់ពីកើតហេតុ ឃើញមានកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបនិងចាប់ឃាត់មនុស្សបានប្រមាណ១០នាក់ផងដែរ។
ពាក់ព័ន្ធករណីនេះ លោក ស សុភក្រ្តា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ថា លោកមិនហ៊ានបកស្រាយប្រាប់អ្នកសារព័ត៌មានអំពីរឿងនោះឡើយ ដោយលោកបញ្ជាក់ឲ្យអ្នកសារព័ត៌មានទៅសួរមេ។
ដោយឡែកលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតវិញ មិនអាចសុំការបំភ្លឺបានបន្តិចសោះឡើយ ដោយលោកប្រាប់ថា លោកកំពុងធ្វើការងារនេះ និងកំពុងបញ្ជូនកូនចៅរបស់លោកទៅព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ហាងផឹកស៊ីកុងតឺន័រ ABC ផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែតនេះ មានមនុស្សច្រើនផឹកស៊ីរាំហ៊ោកញ្ច្រៀវ មានទាំងភ្ញៀវជាតិ និងអន្តរជាតិ ហ៊ានបើកហាង ក្នុងស្ថានភាពជំងឺកូវីដ-19 កំពុងល្មើសវិធានការសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ទំនងដែរថា ហាងផឹកស៊ីមួយនេះ តើអាចនិងមានអ្នកកាង ឬពាក់ព័ន្ធផលប្រយោជន៍ដែលទេ? ទើបបានជារដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត រួមសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ ដែលហាងមួយនេះ បានបើកដំណើររាប់ខែមកហើយ៕