បញ្ជូនជនសង្ស័យដែលបង្កហិង្សានៅហាងផឹកស៊ីកុងតឺន័រABCផ្សារទឹកពុះក្រុងប៉ោយប៉ែតទៅតុលាការ
បន្ទាយមានជ័យ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ១១នាក់ ដែលបង្កហិង្សាដោយចេតនានៅហាងផឹកស៊ីកុងតឺន័រABCផ្សារទឹកពុះក្រុងប៉ោយប៉ែតទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំងនេះនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ០៥នាក់។ ខណៈពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ ស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវ គប់ទៅលើជនក្រុមជនរងគ្រោះ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍។
ប៉ុន្តែក្រុមជនសង្ស័យមិនស្ដាប់ បន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ និងអាវុធហត្ថ០២នាក់ទៀតរងរបួសស្រាល ដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ទើបកម្លាំងបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ពេលកើតហេតុភ្លាមនោះ បានរាយការណ៍ទៅថ្នាក់លើ និងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដឹកនាំកម្លាំងឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND-7677 ចំនួន០១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE-7677 ចំនួន០១គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន០១ដើម កាំបិតប៉័ងតោដងឈើចំនួន០២ដើម កាំបិតចុងស្រួចចំនួន០១ដើម។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ជនសង្ស័យទាំង១១នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ ជិ:រថយន្ត០២គ្រឿង ព្រមទាំងម៉ូតូ០២គ្រឿងទៀត ពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការតដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណាមានកាំភ្លើងបាញ់ទៅលើសមត្ថកិច្ចនោះទេ ចំណែកបក្សពួកជនបង្ក០៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ (ដោយ៖ ទឹម តុលា)