ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់អូរជ្រៅ ដែលបង្កើតថ្មី ត្រូវខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋ ទាំងផ្នែកសេវាកម្មរដ្ឋបាល និងការងារអភិវឌ្ឍន៍

(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីបូកសរុបការងាររ៥ឆ្នាំ (២០១៧.២០២២) និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២២ដល់២០២៧) នៅក្នុងសង្កាត់អូរជ្រៅ លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានមានប្រសាសន៍ជំរុញឲ្យ ក្រុមការងារគណបក្សសង្កាត់អូរជ្រៅ ទើបតែបង្កើតថ្មី ដែលបំបែកចេញពីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋ ទាំងផ្នែកសេវាកម្មរដ្ឋបាល និងការងារអភិវឌ្ឍន៍ រួមទាំង ផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍គោលដៅបន្តក្នុងឆ្នាំ(២០២២ ដល់២០២៧)។

លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានមានប្រសាសន៍បញ្ជាក់ថា ក្រុមការងារគណបក្សត្រូវផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឲ្យលោកបានយល់បានដឹង អំពីសមទ្ធិផល ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ និងកំពុងធ្វើ ជាពិសេសត្រូវផ្សព្វផ្សាយគោលដៅអភិវឌ្ឍន៍បន្ត ដែលនៅក្នុងថ្ងៃខាងមុខនេះ ក្រុងប៉ោយប៉ែត មានគម្រោងធំ គឺគម្រោងអភិវឌ្ឍន៍សំរាប់ទីក្រុងប៉ោយប៉ែត ដែលគម្រោងនេះមានឈ្មោះថា ទីក្រុងដែលចង់រស់នៅ  ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ៧៨លានដុល្លារអាមេរិក។

លោក បញ្ជាក់បន្ថែមថា ដើម្បីគាំទ្រគម្រោងធំខាងលើនេះ ទីក្រុងប៉ោយប៉ែត និងមានគម្រោងតូចៗ រៀបចំកន្លែងចម្រោះទឹកមួយដែលមានផ្ទៃដីប្រមាណ១០ហិកតា បំប្លែងពីទឹកស្អុយចេញពីលូ ពីកាស៊ីណូ ឬក្រុមហ៊ុន រោងចក្រក សហគ្រាសនានា ឲ្យក្លាយជាទឹកដែលអាចបំរើលើវិស័យកសិកម្មបាន និងមានការរៀបចំប្រឡាយទឹក លូប្រអាប់នៅផ្នែកខាងជើងផ្លូវជាតិលេខ៥បន្ថែម ដើម្បីបញ្ចៀសរាល់ការជន់លិចដែលបណ្តាលមកពីការស្ទះលូៗតូច ដែលក្រុងប៉ោយប៉ែតធ្លាប់បានលិចកន្លងមក។ បន្ថែមពីនេះក្រុមការងារបានរៀបចំក្រុមការងារ ថែរក្សា ផ្នែកអនាម័យបរិស្ថាន ផ្នែកជួលជុល​ និងស្ថាបនាអភិវឌ្ឍន៍ផ្លូវថ្នល់ និងផ្លូវមួយចំនួនកំពុងតែសាងសង់ចាក់បេតុង និងចាក់គ្រោះថ្មមិក ដែលថ្មមិកនេះ គឺនៅសល់ជាង១៥០០០ម៉ែត្រគូបទៀត  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធាន ក្រុមការងាររដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តបន្ទាយមានជ័យ សំរាប់ជួយសម្រួលរាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕(សៅនៅ)

Related Articles

Close