ប្រហែសណាស់!ទុកសោរជាប់ម៉ូតូចតមុខផ្ទះត្រូវចោរលួច សំណាងតាមចាប់មកវិញទាន់
(បន្ទាយមានជ័យ)៖ ក្រុមចោរមួយក្រុមមានគ្នាពីរនាក់ ជិះម៉ូតូមកលួចម៉ូតូអ្នកស្រុកមួយគ្រឿងដែលកំពុងចតចោលមុខផ្ទះមិនបានដកសោរចេញ តែសំណាងមិនល្អ ពេលបញ្ឆេះម៉ូតូត្រូវបានម្ចាស់ចាប់អារម្មណ៍រត់ចេញមកក្រៅមើល ដឹងថាចោរលួចម៉ូតូទើបបើករថយន្តដេញតាមចាប់ប្រផាប់ប្រភីងពីក្រោយ ឃាត់ខ្លួនបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ចំណែកម្នាក់ទៀតត្រូវរត់គេចខ្លួន។ ករណីលួចម៉ូតូនេះ កើតឡើងនៅវេលាម៉ោង4.30នាទីទាបភ្លឺ ថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ2022 នៅមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ជី សុហេង ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិ អ្នកតា ឃុំ ថ្មពួក ស្រុកថ្មពួក និងបក្ខពួកម្នាក់ទៀតឈ្មោះ ហាប វេហា ភេទប្រុស អាយុ 28ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តឫបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទាំងពីរនាក់ ហើយធ្លាប់ជាប់មណ្ឌលកែប្រែភ្នុំបាក់ចំនួន03លើក និងបានដកហូតវត្ថុតាង ម៉ូតូចំនួនមួយគ្រឿង ម៉ាកវេវ ពណ៍ក្រហម កម្លាំងសេស110 គ្មានស្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកបណ្តោះអាសន្នតែម្តង។
ពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ជី សុហេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕