លួចម៉ូតូបានហើយ ពេលយកទៅបញ្ចាំត្រូវជាប់ខ្នោះ

(បន្ទាយមានជ័យ)៖ក្រុមចោរ២នាក់លួចម៉ូតូបានហើយ ពេលយកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជនសង្ស័យទាំងនេះ ១.ឈ្មោះ ឌឿ ម៉ារ៉ាថុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ យ៉ន ប៊ុនធឿន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ ជានជាតិខ្មែរ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យបានចំនួន០២នាក់ ឃាត់ខ្លួន នៅវេលាម៉ោង១៤និង០៦នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចកាស៊ីណូហ្គោឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលសួរនាំ ជនសង្ស័យឆ្លើយថាគេទាំងពីរនាក់នេះពិតជាបានលួចម៉ូតូចំនួន២គ្រឿងកន្លែងផ្សេងគ្នា ពិតប្រាកដមែន ដោយពួកគេទៅលួចម៉ូតូ១គ្រឿងម៉ាកហុងដាស៊ូម័រអ៊ិច ពណ៌ក្រហមលាយស នៅចំណុចផ្សារហ៊ុយឡេង បន្ទាប់មកពួកខ្លួនបានបន្តទៅលួចម៉ូតូ១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ស នៅចំណុចម្ដុំកាស៊ីណូហ្គោលឌិនស្ទូចត្រី ហើយពួកគេនាំគ្នាយកម៉ូតូស្កុបពីដែលលួចបានទៅលាក់ទុកនៅ ម្ដុំវត្តត្រាច ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកទៀតពួកគេបាននាំគ្នាយកម៉ូតូម៉ាកស៊ូម័រអ៊ិចជិះទៅក្នុង គោលបំណង យកទៅដាក់បញ្ចាំ ស្រាប់តែទៅដល់ចំណុចកាស៊ីណូហ្គោលឌិល ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនពួកគេតែម្ដង។

ពេលនេះ ម៉ូតូដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យត្រូវបានរក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីរៀបចំប្រគល់ឲ្យម្ចាស់ដើមវិញ៕

 

Related Articles

Close