ខូចចិត្តរឿងសង្សារបណ្តើរអ្នកថ្មី បែកគំនិតទៅកាប់ចិន រំសាយកំហឹង ឥលូវជាប់ខ្នោះ

បន្ទាយមានជ័យ៖ ខូចចិត្តរឿងសង្សារបណ្តើរអ្នកថ្មី បែកគំនិតទៅកាប់ជនជាតិចិន ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ បញ្ជូនទៅកាន់ជំនាញស្នងការនគរបាលខេត្តចាត់តាមច្បាប់នូវរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យទាំងពីរនាក់មាន ទី១.ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំងពីរនាក់នេះ ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា ស្នាក់នៅសង្កាត់និងក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តបន្ទយមានជ័យ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ តាមរយៈកាម៉ារ៉ាសុវត្ថភាព ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម៉ោង២២.១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខ (ប.មានជ័យ1P-9446) រួមទាំងកាំបិទធ្វើសកម្មភាពមួយដើមប្រវែងជាង១ម៉ែត្រផងដែរ។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនដែលដើរតាមផ្លូវមុខ ពេទ្យនគររាជ ដល់ទៅពីរនាក់ កាលពីយប់ថ្ងៃទី១០​ខែមិថុនា ពិតប្រាកដមែន។ ដោយសារតែខូចចិត្តនិងសង្សារបែកចិត្តបណ្តើរអ្នកថ្មី ទើបរៀបចំគម្រោងកាប់ខាងប្រុសដែលឆក់យក សង្សាររបស់ខ្លួន តែរកមិនឃើញ ទើបក្រពល់មុខ ជិៈកាប់ជនជាតិចិនទាំងពីរនាក់ ដើម្បីរំសាយកំហឹង។

លោកវរសេនីយ៍ឯក សៅ សារឿន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យភ្ចាប់កាម៉ារ៉ាសុវត្ថភាព ការពារទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ក៏ដូចជាការចូលរួមសហការជាមួយសមត្ថកិច្ចក្នុងស្រាវជ្រាវបង្ក្រាបជនល្មើស ដើម្បីរក្សារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ៕ (ដោយ៖ សហការី)

Related Articles

Close