ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេវ៉ៃគោរ សមត្ថកិច្ចសន្និដ្ឋានថា លង់ទឹក
ខេត្តស្វាយរៀង៖ ពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក មានចងដែកលស់ នៅចង្កេះជាមួយនិងកង់ក្បែរគល់ស្ពានតាហោ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងភូមិកបាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពឈ្មោះ ឌុន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបស់គ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាមនុស្សមានសតិមិនគ្រប់ បានចេញពីផ្ទះកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០ បាត់រហូតមកដល់ថ្ងៃទី១៩ទើបបានក្រុមគ្រួសារទទួលព័ត៌មានថាមានមនុស្សស្លាប់អណ្តែតទឹកទើបនាំមកមើលបានដឹងអត្តសញ្ញាណនៃសព។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍មកថា បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកនៅចំណុចខាងកើតស្ពានពោធិ៍តាហោនោះនិងក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញអធិការរដ្ឋាន ប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញការិយាល័យខេត្តនិងវេជ្ជបណ្ឌិត យក់ ពុធវិសាល ចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើសាកសព។
ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក៕