នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យគប់កញ្ចក់ឡានពេលយប់ ក្រោយពីធ្វើសកម្មភាពបានមួយថ្ងៃ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលយកដុំថ្មគប់កញ្ចក់រថយន្តពលរដ្ឋអ្នកធ្វើដំណើរពេលយប់បានហើយ និងបញ្ជូន សំណុំរឿងបន្ត នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ទៅកាន់ការរិយាល័យជំនាញនៃស្នងការខេត្តចាត់ការ ។

លោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនិមិត្ត សង្កាត់និមិត្ត៣ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើរថយន្តជនរងគ្រោះ ចំផ្នែកខាងឆ្វេងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បើកបរពីទីរួមខេត្តបន្ទាយមានជ័យមកកាន់ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងមក។

ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុងប៉ោយបែតដោយបានការចង្អុលបង្ហាញពីលោកអធិការក្រុងប៉ោយប៉ែត ធ្វើការស៊ើបអង្កេត ករណីនេះ រហូតមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៧ និង 00 នាទី  យើងបាន កំណត់អត្តសញ្ញាណ្ណក្មេងទំនើងបានមាន៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំថ្ម គប់ទៅលើឆ្កែ ក៏ប៉ុន្តែបណ្ដាលឱ្យត្រូវកញ្ចក់រថយន្ត ដែលបើកបរតាមផ្លូវជាតិលេខ៥ពីកើតទៅលិចនោះតែម្ដង។

ទោះបីជាយ៉ាងណាករណីនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ជាករណីគប់ប្លន់ យកទ្រព្យសម្បត្តិ បើសិនជាតៃកុងរេចង្កូត ទៅធ្លាក់ស្នាមភ្លោះ ឬទៅបុកអ្វីផ្សេងនោះ  ជននេះ និងអាចយកទ្រព្យសម្បត្តិបានមុនគេ ដោយបង្វែភស្តុតាងថាជាគ្រោះថ្នាក់ចរាចរណ៍ជាដើម៕ (សៅ នៅ)

 

Related Articles

Close