សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យយកអំណោយឯកឧត្តមបណ្ឌិត ស សុខា ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន១០៨គ្រួសារនៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត បានយកអំណោយឯកឧត្តម បណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនប្រជាពលរដ្ឋជួបការលំបាកជីវភាពខ្វះខាតចំនួន១០៨គ្រួសារ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
វិធីចែកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) តាមរយៈ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ មានការចូលរួមពីលោក អឹង ស៊ីណាត អភិបាលរងស្រុកម៉ាឡៃអាជ្ញាធរភូមិឃុំ ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ(អាប៉ា) ខេត្ត ក្រុង ស្រុក ជាច្រើននាក់។
ព្រះគ្រូចៅអធិការ ណយ ណេត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត បានមានសង្ឃដីកាថា ដោយមានការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកជីវភាពខ្វះខាត ពីឯកឧត្តមបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងជាការណែនាំរបស់ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក សៅ សំរិទ្ធិ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសប្បុរសជនជនជាតិឥណ្ឌូនេស៊ី លោក អាអាន់ បានយកអំណោយចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជីវភាពខ្វះខាតចំនួន១០៨ គ្រួសារ។
ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ ក្រុងប៉ោយប៉ែត ព្រះគ្រូចៅអធិការ ណយ ណេត បន្ថែមថា អំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០៨គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់ ទឹកត្រី ចំនួន ១ដប ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម និងថវិកា ចំនួន ២ម៉ឺនរៀល៕