ប្រធានអង្គការRoom To Read បើករថយន្តរ៉េចង្កូតទៅឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងទៀតបុក ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់


បន្ទាយមានជ័យ៖ ប្រធានអង្គការRoom To Read ប្រចាំខេត្តបន្ទាយមានជ័យ បើករថយន្តរ៉េចង្កូតទៅឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងម៉ាកហាយឡិនដឺ១គ្រឿងទៀតបុកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើងលេខ០៤៨០-០៤៨១ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


លោកប្រធានអង្គការ Room To Read ប្រចាំខេត្តបន្ទាយមានជ័យ ឈ្មោះ ប៊ុន ចាន់សាវ៉ាត អាយុ៣៨ឆ្នាំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបររថយន្តម៉ាកកូរូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ. 2V.4640 រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ឃឿន ប៊ុនធា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រុកសៀមរាប ស្លាប់នៅនឹងកន្លែង។


លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ មុនពេលកើតហេតុខាងភាគីរថយន្តកូរ៉ូឡា បានបើកវ៉ាជែងរថយន្តមួយគ្រឿងស្របគ្នាក្នុងទិសដៅពីលិចទៅកើតបានរ៉េចង្កូតទៅខាងឆ្វេងដៃ ស្របពេលនោះមានរថយន្តហាយឡិនដឺមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ សៀមរាប-2B.1881 បើកបរដោយឈ្មោះសឿន មិនា ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិតាអ៊ិន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកក្នុងទិសដៅពីកើតទៅលិច បុកចំពាក់កណ្តាលចំហៀងខាងស្តាំពេញមួយទំហឹង។


លោកអធិការបានបញ្ជាក់ថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកជិៈក្នុងរថយន្តកូរូឡាបានស្លាប់ម្នាក់នៅនឹងកន្លែងឈ្មោះ ឃឿន ប៊ុនធា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រុកសៀមរាបស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួស។


ចំណែកអ្នកជិៈរថយន្តហាយឡិនដឺរងរបួសធ្ងន់ម្នាក់ ឈ្មោះទីង គង់ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិតាអ៊ីន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ របួសបាក់ កដៃស្តាំ និងអ្នកបើកបររថយន្តឈ្មោះសឿន មិនា របួសស្រាល។ អ្នករងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តខូចខាតធ្ងន់ទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រងចាំភាគីទាំងពីរដោះស្រាយគ្នា៕(សៅ នៅ)

 

Related Articles

Close