ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ជម្រុញឲ្យក្រុមហ៊ុនអគ្គីសនីអានកូ ដោះស្រាយឲ្យបានឆាប់រហ័ស លើបញ្ហាភ្លើងដាច់ញឹកញាប់ បង្កឲ្យខូចសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ជម្រុញឲ្យក្រុមហ៊ុនអគ្គីសនីអានកូ ដោះស្រាយឲ្យបានឆាប់រហ័ស លើបញ្ហាភ្លើងដាច់ញឹកញាប់ បង្កឲ្យខូចសម្ភារៈប្រើប្រាស់ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត ដែលត្រូវបានលើកឡើងនៅអង្គប្រជុំ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។
បន្ទាប់ពីមានការរិះគន់នៅលើបណ្តាញសង្គមជាច្រើនទៅលើក្រុមហ៊ុនអានកូ ទាក់ទងនឹងបញ្ហាការផ្គត់ផ្គង់អគ្គីសនីងាកដាច់ៗចរន្ត និងផ្តាច់យូរម៉ោង នៅតាមតំបន់ខ្លះ ធ្វើឲ្យប៉ះពាល់ខូចខាតសម្ភាភារៈប្រើប្រាស់ជាគ្រឿងអគ្គីសនី និងរំខានដល់ការរស់នៅប្រចាំថ្ងៃ បើប្រជាពលរដ្ឋបង់លុយមិនទាន់ពេល ត្រូវផ្តាច់ចរន្តធ្វើការផាកពិន័យគ្មានការលើកលែងឡើយ។
តំណាងក្រុមហ៊ុន អានកូន បានបញ្ជាក់ថា៖ បញ្ហដែលភ្លើងអគ្គីសនីដាច់ញឹកញាប់ ឬត្រូវផ្តាច់យូរម៉ោងនៅតាមតំបន់ខ្លះ នៅក្នុងរដូវក្តៅនេះ គឺបណ្តាលមកពី កំណើនប្រជាពលរដ្ឋប្រើប្រាស់ច្រើនយ៉ាងកំហុក ដោយសារក្រុងប៉ោយប៉ែតរីកចម្រើនខ្លាំង ថាមពលអគ្គីសនីដែលក្រុមហ៊ុនកំពុងមាន បានទិញថាមពលពីអគ្គីសនីកម្ពុជា១០៧មេកាវ៉ាត់ និងទិញពីប្រទេសថៃ២៣មេការវ៉ាត់ សរុប១៣០មេកាវ៉ាត់ ហើយតាមការផ្តត់ផ្គង់ជាក់ស្តែងនៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះ នៅរដូវក្តៅ ក្រុមហ៊ុនអាចខ្វះត្រឹម២០មេកាវ៉ាត់ ទើបត្រូវផ្តាច់នៅតាមតំបន់ខ្លះ។ ហើយក្រុមហ៊ុន បានស្នើសុំការផ្គត់ផ្គង់បន្ថែមពីអគ្គីសនីកម្ពុជាប្រមាណ៣០មេកាវ៉ាត់ តាំងពីឆ្នាំ២០២៤ តែមិនមានការតភ្ជាប់នៅឡើយរហូតដល់ពេលនេះ។
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានយកចិត្តទាក់ដាក់ បើកកិច្ចប្រជុំរវាងអាជ្ញាធរ ក្រុមហ៊ុនអានកូ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីជម្រុញឲ្យក្រុមហ៊ុន ពន្លឿនដើម្បីរកដំណោះស្រាយ ឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គីសនីឲ្យស្រួលបានឆាប់ៗខាងមុខនេះ។
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា ក្រុមហ៊ុន ត្រូវពន្លឿននៃការដោះស្រាយបញ្ហាការផ្គត់ផ្គង់អគ្គីសនីឲ្យបានគ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បានល្អឡើងវិញ បើបញ្ហានៅតែបន្តគ្មានដំណោះស្រាយទេនោះ នាំខូចខាតសម្ភារៈប្រើប្រាស់ ប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ពេលផ្តាច់ចរន្តសូមជូនដំណឹងទៅប្រជាពលរដ្ឋ និងធ្វើការបកស្រាយឲ្យបានច្បាស់។ ជាមួយគ្នានោះដែរ ឯកឧត្តមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្រុងប៉ោយប៉ែត និងក្រុមហ៊ុន កំពុងយកចិត្តទុកដាក់ មិនព្រងើយកន្តើយនោះទេ រាល់បញ្ហាដែលកើតមាន យើងខ្ញុំទាំងអស់គ្នានឹងរួមគ្នាដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋ៕(អូន ប៊ុនលី)