កងកម្លាំងនគរបាលអន្តរាគមន៍ព្រំដែនមានតួនាទីការពារបូរណៈភាពទឹកដី និងបង្ក្រាប នូវរាល់សកម្មភាព បង្កចលាចលក្នុងសង្គម
ខេត្តបន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានថ្លែងថា កងកម្លាំងនគរបាលអន្តរាគមន៍ព្រំដែនមានតួនាទីការពារបូរណៈភាពទឹកដី និងបង្ក្រាប នូវរាល់សកម្មភាព បង្កចលាចលក្នុងសង្គម ថ្លែងក្នុងពិធីបិទវគ្គពិសេស ជំនាញនគរបាលអន្តរាគមន៍ព្រំដែន នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៅទីបញ្ជាការនៃគណៈកម្មការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បញ្ជាក់ថា កងកម្លាំងនគរបាលអន្តរាគមន៍ព្រំដែន មានបេសកម្មរបស់ខ្លួនក្នុងការជួយអន្តរាគមន៍ដល់វរសេនាតូចនគរបាលការពារព្រំដែនគោកទូទាំងប្រទេស ដែលមានភារកិច្ចរួមសហការជាមួយនិងកងយុទ្ធិពលខេមរភូមិន្ទ ការពារបូរណៈភាពទឹកដី និងអធិបតេយ្យភាព ក៏ដូចជាការសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាប នូវរាល់សកម្មភាព បង្កចលាចលក្នុងសង្គម ដូចជាបាតុកម្ម កុបកម្ម ដែលបង្កឡើងដោយពួកឧទ្ទាមក្រៅច្បាប់ និងអំពើភាវកម្ម សំដៅរួមចំណែកក្នុងការរួមការពារសន្តិសុខក្នុងសង្គម។
លោក ឧត្តសេនីយ៍ទោ ស៊ឹម សំអាត មេបញ្ជាការរងអចិន្ត្រៃប្រចាំទិសភូមិភាគទី៥ បានឲ្យដឹងថា ការហ្វឹកហ្វឺនវគ្គពិសេស ជំនាញនគរបាលអន្តរាគមន៍ព្រំដែន នៃនាយកដ្ឋានការពារព្រំដែនគោក នៅទីបញ្ជាការនៃគណៈកម្មការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ មានសិក្ខាកាមចំនួន៣៥៣នាក់ ដោយហ្នឹកហ្វឺនអស់រយៈពេល៤៥ថ្ងៃ ដែលត្រូវបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ លើជំនាញមាន៖ ១.លំហាត់កាយសម្បទា ២.លំហាត់ក្បាច់គុនយុទ្ធក្រមខមកម្ពុជា(ក្បាច់គុន វាយដៃ ដំបងវែង.ខ្លី កូនកំបិត និងក្បាច់គុនប្រើកំភ្លើងវែង.ខ្លី) ៣.យុទ្ធសាស្ត្របង្ក្រាបកុបកម្ម ដោយគ្រូបង្ហាត់បង្រៀន មកពីសហព័ន្ធយុទ្ធក្រមខមកម្ពុជា យោធាចារ្យក្រសួងការពារជាតិ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ចំនួន១២ នាក់៕ (តុង)