ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Lin Ruihua តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅសួនច្បារព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ។

ក្នុងពិធីបញ្ចុះបឋមសិលាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នេះ ក៏មានការអញ្ជើញចូលរួមពីលោក Huang Cheng ប្រធានក្រុមការងារគ្រប់គ្រងមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីជាច្រើនរូបផងដែរ៕

Related Articles

Close