អាជ្ញាធរចុះដោះស្រាយ បញ្ហាប្រជាពលរដ្ឋបង្ហូរទឹកដក់លើផ្លូវបេតុងបែកភក់ជ្រាំ ស្អុយ នៅខាងកើតផ្សាររ៉ាថ្មី ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ផ្លូវបេតុងស្របនឹងផ្លូវរថភ្លើង ប្រជាពលរដ្ឋបង្ហូរទឹកដក់លើផ្លូវស្អុយបែកភក់ជ្រាំ ត្រូវបានក្រុមការងារចម្រុះសង្កាត់ និងក្រុងចុះពិនិត្យគ្រោងរៀបចំប្រព័ន្ធលូ ដោះស្រាយជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។លោក ឯម វុធថន នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវបេតុងស្របតាមផ្លូវរថភ្លើង ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ប្រវែងប្រមាណ៧០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចំនួនជាច្រើនគ្រួសារបង្ហូរទឹកមកលើផ្លូវបង្កឲ្យមានការដក់ស្អុយរលួយ ក្លាយជាភក់ជ្រាំ ធំក្លិនស្អុយ ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះ និងធ្វើដំណើរឆ្លងកាត់ ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយ។

លោក ឯម វុធថន បញ្ជាក់ថា ថ្ងៃនេះ លោកបានដឹកនាំក្រុមការងារចម្រុះ សង្លាត់ និងក្រុងចុះមកពិនិត្យជាក់ស្តែង ឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរ ផ្ទះជួល អ្នកខ្លះបោកគក់ លក់ទឹកកក បានបង្ហូរទឹកមកលើផ្លូវ គ្មានប្រព័ន្ធលូ ទើបទឹកដក់ពេញផ្លូវ បែកភក់ជ្រាំស្អុយរលួយ ជាដំណោះស្រាយ ក្រុមការងារបានសុំគោលការណ៍រៀបចំប្រព័ន្ធលូ ប្រវែងជាង២០០ម៉ែត្រ ពីចំណុចព្រំទល់ភូមិក្បាលកោះ តភ្ជាប់ជាមួយប្រព័ន្ធលូប្រអប់របស់(ADB) ដើម្បីដោះស្រាយជូនពួកគាត់។

លោក អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខាងលើនេះ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងរុះរើសំយ៉ាប និងមានការប៉ះពាល់សំណាង់ខ្លះសំរាប់ការរៀបចំដាក់ប្រព័ន្ធលូ៕

Related Articles

Close