ថៃបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃបានប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីត១៩


បន្ទាយមានជ័យ៖ ថៃបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងប្រទេសរបស់ខ្លួន នេះបើតាមសារអប់រំណែនាំរបស់លោកអភិបាលរងខេត្តបន្ទាយមានជ័យទៅកាន់ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅមាត់ច្រកនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០។


លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ ដែលឱសានវាទនេះផុតថ្ងៃទី០៥ខែមេសា នេះ ប៉ុន្តែភាគីថៃត្រូវបានប្រកាសបិទជាលើកទី២បន្តទៀតរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណៈដែលប្រទេសថៃកំពុងដាក់ក្នុងការប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពីការរីករាលដាលនៃជំងឺកូវីត១៩ បើសិនមានការប្រែប្រួលយ៉ាងណានោះភាគីថៃនិងជូនដំណឹងបន្តទៀត។


លោកបញ្ជាក់បន្ថែមថា ចំពោះលិខិតឆ្លងដែន ប័ណ្ណព្រំដែន វីសារការងារ នៃប្រជាពលរដ្ឋទាំងពីរ នៅក្នុងអន្តរកាលនៃជំងឺកូវីត១៩នេះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការចរចារសុំឲ្យមានការលើកលែង មិនធ្វើការផាកវិន័យនោះទេ ក្នុងខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាត ហើយបើសិនជាករណីចាំបាច់ បំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬមានហានីភ័យធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់នោះ អាជ្ញាធរទាំងពីរនិងជួយសម្របសម្រួលអនុញ្ញាតិឲ្យយកទៅសង្គ្រោះនៅក្នុងប្រទេសថៃបាន៕(លោក សៅ នៅ)

Related Articles

Close