ពលរដ្ឋផ្អើលតគ្នាជិត២ពាន់នាក់ ទៅចាប់ដីព្រៃតាំងលំនៅ ត្រូវអាជ្ញាធរហាមឃាត់ នៅស្រុកម៉ាឡៃ


ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋផ្អើលតគ្នាជិត២ពាន់នាក់ ទៅចាប់ដីព្រៃរនាមដូនសំ និងព្រៃរាំងវង្ស តាំងលំនៅឋាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរ សមត្ថកិច្ចហាមឃាត់។
ប្រជាពលរដ្ឋដែលមកចាប់ដីបំរ៉ុងនិងតាំងលំនៅឋាន នៅចំណុច ព្រៃរនាមដូនសំ និងព្រៃរាំងវង្សនេះ ដែលអាជ្ញាធរ និងសមត្ថកិច្ចធ្វើការហាមឃាត់នេះ គឺនាំគ្នាមកតាមរយៈជំទាវពោធិ តីសាវតី ប្រធានប្រត្តិភូនៃឧត្តមក្រមប្រឹក្សាពិភាគពិគ្រោះយោបល់នៃគណៈបក្សធម្មាធិបតេយ្យ នេះ បើតាមការលើកឡើងរបស់ លោកឯម សុខា អភិបាលស្រុកម៉ាឡៃ។


លោកឯម សុខា បញ្ជាក់ថា ជំទាវបានដឹកនាំពលរដ្ឋមកយ៉ាងអាណាធិបតេយ្យមកធ្វើសកម្មភាពពេញព្រៃដោយមិនបានសហការជាមួយអាជ្ញាធរ ម្យ៉ាងលោកបានឲ្យកម្លាំងទប់ស្កាត់ក្នុងនោះរួមមានកម្លាំងសមត្ថកិច្ចស្រុកនិងកម្លាំងជម្នាញដូចជាមន្ត្រីអនុរក្សបរិស្ថាន នៅព្រឹកមិញនេះរួចហើយ ក្នុងនោះជំទាវបានប្រជុំជាមួយកម្លាំងសមត្ថកិច្ចតែមិនដឹងនិយាយបែបណាព្រោះមនុស្សច្រើនចូលអត់ដល់។


ប្រភពព័ត៌មានបានឲ្យដឹងថា៖ ពលរដ្ឋដែលនាំគ្នាទៅចាប់ដី មកពីស្រុកក្រុងចំនួន៣ដូចជាក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ពលរដ្ឋដែលធ្វើដំណើរមកនោះបានប្រាប់ថាពួកគាត់មួយចំនួនត្រូវមេខ្យល់កត់ឈ្មោះ យកប្រាក់ខ្លះ៣ម៉ឺនរៀល ៥ម៉ឺនរៀល និង១០ម៉ឺនរៀល ដែលពួកមេខ្យល់ដើរបំផុសកត់ឈ្មោះនាពេលកន្លងមក ចំណែកអ្នកខ្លះទៀតមិនទាន់ហ៊ានចំណាយប្រាក់នោះទេដោយនាំគ្នាជិៈម៉ូតូទៅមើលទីតាំងដីដែលមេខ្យល់ថាចាត់ចែងអោយ តែទៅមិនទាន់ដល់ទីតាំងផងមានកម្លាំងសមត្ថកិច្ចចម្រុះហាមឃាត់មិនឲ្យបន្តដំណើរទៅមុខទៀត។


តាមប្រភពបានឲ្យដឹងថា៖ ពលរដ្ឋទាំងអស់នោះមានមេខ្យល់បំផុសទៅចាប់ដីនៅព្រៃរនាមដូនសំ ព្រោះថាព្រៃទាំងនោះមានមេខ្យល់បំផុសពលរដ្ឋឲ្យទៅកាប់រុករានទន្ទ្រានម្ដងរួចមកហើយ ដោយសន្យាថាឲ្យដីក្រោយពីកាប់អស់ព្រៃដីវាលរាប់ពាន់ហិកតា តែផ្ទុយទៅវិញមេខ្យល់ឲ្យប្រាក់ម្នាក់២០០ទៅ៣០០ដុល្លារ។ តែហេតុបង្កការភ្ញាក់ផ្អើលតាមគ្នាមកចាប់យកដី ព្រោះព្រៃទាំងអស់នោះទៅជាដីវាលអស់ បើប្រជាពលរដ្ឋមិននាំគ្នាទៅចាប់តាំងលំនៅទេ នៅថ្ងៃខាងមុខក្រុមឈ្មួញអាចនឹងឃុបឃិតគ្នាជាប្រព័ន្ធទិញលក់អស់ជាមិនខាន។


ករណីនេះយើងមិនអាចសុំការទំនាក់ទំនងពីលោកជំទាវពោធិតីសាវតីប្រធានប្រត្តិភូនៃឧត្តមក្រមប្រឹក្សាពិភាគពិគ្រោះយោបល់នៃគណៈបក្សធម្មាធិបតេយ្យបានទេអ្នកសារព័ត៌មានព្យាយាមដែរតែមិនបានជួប៕ (សៅ នៅ)

 

Related Articles

Close