ខឹងប្រពន្ធសុំលែងលះ ប្តីយកកាំបិតចូលរករឿងប្រពន្ធកូន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ៖ បុរសម្នាក់ញៀនថ្នាំញៀន តែងតែយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់លេងល្បែង និងទិញថ្នាំជក់ជាប្រចាំ ត្រូវបានប្រពន្ធសុំលែងលះ តែប្តីខឹងយកកាំបិតប៉ាំងតោ និងផ្គាក់ចូលផ្ទះរករឿងប្រពន្ធកូន ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់នៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2021។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាមូលដ្ឋានការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យឈ្មោះ សោ ហ៊ុល អាយុ42ឆ្នាំ រស់នៅជាប្រពន្ធកូន នៅក្នុងភូមិបាលិលេយ្យ2 សង្កាត់.ក្រុងប៉ោយប៉ែត។ ហើយនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021 ទទួលបានការរាយការណ៍តាមទូរសព្ទថាមានករណីប្តីវាយប្រពន្ធ ភា្លមនោះបានចាត់តាំងកម្លាំងចុះទៅដល់ផ្ទះ បានឃាត់ខ្លួនជនសង្ស័យជាប្តី ព្រមទាំងដកហូតវត្ថុតាងកាំបិតប៉័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម។លោកបញ្ជាក់ថា ពេលសួរនាំជនសង្ស័យឆ្លើយថា ខ្លួនតែងតែយកយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ដើម្បីទិញគ្រឿងញៀនមកប្រើប្រាស់ជាប្រចាំ ពេលដើរលេង និងប្រើប្រាស់គ្រឿងញៀនរួច មកដល់ផ្ទះ ប្រពន្ធរបស់ខ្លួនមិនឲ្យចូលផ្ទះ ហើយព្រមទាំងទាមទារលែងលះ ទើបខឹងហើយទាញកាំបិតទៅរករឿងប្រពន្ធ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយសារភាព ជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្ត ហើយជំនាញក៏បានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕