ពិធីប្រកាសប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតក្នុងអាណត្តិទី៤
ពិធីប្រកាសប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតក្នុងអាណត្តិទី៤
ខេត្តបន្ទាយមានជ័យ៖ ពិធីប្រកាសប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតក្នុងអណត្តិទី៤ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងឯកឧត្ដម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាក្រុងប៉ោយប៉ែត។
ពីធីប្រកាសប្តូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអណត្តិទី៤ លោក ឈាន ចំរើន ពីសមាជិកក្រុមប្រឹក្សាក្រុង ត្រូវបានប្តូរទៅជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ជំនួស លោក ឈឹម គន្ធា ត្រូវបានលាលែងដំណែង ដោយសារបញ្ហាសុខភាព និងបានប្រកាសទទួលស្គាល់ លោក លឹម សាមុត ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបំពេញបន្ថែម។
នៅក្នុងពិធីនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ដោយមានការដឹកនាំដ៏ឈ្លាសវៃ ពីប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយក្រុងប៉ោយប៉ែតមានសន្ទុះនៃការរីកចំរើនយ៉ាងឆាប់រហ័ស ដែលមានកំណើនប្រជាពលរដ្ឋ និងកំណើនជនបរទេសមករស់នៅវិនិយោគច្រើន មានសំណង់អគាររីកដុះដាលខ្លាំងឡើងៗផងដែរ។
ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ ទន្ទឹម នឹងការរីកចំរើននេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ ប្រធានក្រុមប្រឹក្សាថ្មី ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់គ្រងតាមលំដាប់ថ្នាក់ បង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋរាល់បញ្ហាប្រឈម និងក្តីកង្វល់ឲ្យមានប្រសិទ្ធិភាព។
ក្នុងនោះ ឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានកើតសរសើរដល់អាជ្ញាធរ សមត្ថកិច្ចនៅក្រុងប៉ោយប៉ែត ដែលកន្លងមកបានខិតខំថែរក្សាការពារសន្តិសុខ ដែលធ្វើការទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង បងតូចបងធំ ចោរកម្ម ធ្វើឲ្យបញ្ហាសន្តិសុខមានសភាពស្ងប់ស្ងាត់ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកោតសរសើរមន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយសង្កាត់/ក្រុង បានខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា៕ (សៅ នៅ)